យោងតាមការចុះផ្សាយរបស់ Harvard Health មនុស្សជាច្រើនហាត់ប្រាណដើម្បីសម្រកទម្ងន់ ឬពង្រឹងសាច់ដុំ ប៉ុន្តែអ្នកជំនាញបញ្ជាក់ថា ការហាត់ប្រាណទៀងទាត់ក៏អាចជួយពង្រឹងសុខភាពខួរក្បាល បង្កើនការចងចាំ និងសមត្ថភាពគិតបានផងដែរ។
ការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលហាត់ប្រាណជាប្រចាំ មានតំបន់ខួរក្បាលដែលទាក់ទងនឹងការគិត និងការចងចាំធំជាងអ្នកដែលមិនសូវធ្វើលំហាត់ប្រាណ។ ការហាត់ប្រាណកម្រិតមធ្យមជាប្រចាំរយៈពេលប្រហែល ៦ ខែទៅ ១ ឆ្នាំ ក៏អាចជួយបង្កើនទំហំតំបន់ខួរក្បាលមួយចំនួនផងដែរ។
បន្ថែមពីលើនេះ ការហាត់ប្រាណជួយពង្រឹងមុខងារខួរក្បាលដោយប្រយោល តាមរយៈការកែលម្អអារម្មណ៍ គុណភាពនៃការគេង និងកាត់បន្ថយស្ត្រេស និងការថប់បារម្ភ ដែលជាកត្តាអាចប៉ះពាល់ដល់ការចងចាំ និងការផ្តោតអារម្មណ៍។
អ្នកជំនាញបញ្ជាក់ថា មិនទាន់មានភស្តុតាងច្បាស់ថា លំហាត់ប្រាណប្រភេទណាល្អបំផុតសម្រាប់ខួរក្បាលនោះទេ។ ទោះជាយ៉ាងណា លំហាត់ប្រាណបែប Aerobic ដែលធ្វើឱ្យបេះដូងលោតលឿន ដូចជាការដើរលឿន រត់ ជិះកង់ ឬហែលទឹក ទំនងជាផ្តល់អត្ថប្រយោជន៍ស្រដៀងគ្នា។
ក្រៅពីនេះ ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តី Journal of the American Geriatrics Society បានបង្ហាញថា តៃជី អាចជួយពង្រឹងសមត្ថភាពគិតរបស់មនុស្សវ័យចំណាស់ ជាពិសេសការធ្វើផែនការ ការយកចិត្តទុកដាក់ ការដោះស្រាយបញ្ហា និងការចងចាំ។ មូលហេតុគឺការហាត់តៃជីតម្រូវឱ្យរៀន និងចងចាំចលនាថ្មីៗជាបន្តបន្ទាប់។
ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុត អ្នកជំនាញណែនាំឱ្យហាត់ប្រាណកម្រិតមធ្យម យ៉ាងហោចណាស់ ១៥០ នាទីក្នុងមួយសប្តាហ៍ ដូចជាការដើរលឿន។ អ្នកដែលទើបចាប់ផ្តើម គួរចាប់ផ្តើមពីរយៈពេលខ្លី ហើយបង្កើនពេលវេលាបន្តិចម្តងៗជារៀងរាល់សប្តាហ៍។ ដោយសារអត្ថប្រយោជន៍ចំពោះខួរក្បាលអាចត្រូវការពេលប្រហែល ៦ ខែ ទើបចាប់ផ្តើមឃើញលទ្ធផល អ្នកជំនាញក៏ណែនាំឱ្យអត់ធ្មត់ និងបន្តហាត់ប្រាណជាប្រចាំរយៈពេលវែង។
សរុបមក ការហាត់ប្រាណមិនត្រឹមតែជួយពង្រឹងបេះដូង សាច់ដុំ និងគ្រប់គ្រងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយថែរក្សាសុខភាពខួរក្បាល បង្កើនការចងចាំ និងសមត្ថភាពគិតបានផងដែរ ប្រសិនបើអនុវត្តជាប្រចាំ៕