យោងតាមការចុះផ្សាយរបស់ Harvard Health ការឈឺចង្កេះដែលអាចរាលដាលទៅគូទ ភ្លៅ និងជើង។ មនុស្សមួយចំនួនមានអារម្មណ៍ដូចឆក់ចរន្តអគ្គិសនី ខណៈអ្នកខ្លះវិញឈឺចាប់រ៉ាំរ៉ៃ ដែលអាចរំខានដល់ការរស់នៅប្រចាំថ្ងៃ។ បញ្ហានេះច្រើនកើតឡើងដោយសារឌីសឆ្អឹងខ្នងរអិល ឬសង្កត់លើសរសៃប្រសាទ។
អ្នកជំនាញពីបញ្ជាក់ថា មនុស្សភាគច្រើនអាចធូរស្រាលដោយមិនចាំបាច់វះកាត់ ហើយជាធម្មតាអាការៈនឹងប្រសើរឡើងក្នុងរយៈពេលពីរបីសប្តាហ៍ ប្រសិនបើថែទាំបានត្រឹមត្រូវ។
វិធីសាមញ្ញដែលអាចជួយបន្ថយការឈឺរួមមាន៖
កុំដេកសម្រាកយូរពេក។ ការសម្រាករយៈពេលខ្លីអាចជួយបាន ប៉ុន្តែគួរចាប់ផ្តើមធ្វើចលនារាងកាយបន្តិចម្តងៗឱ្យបានឆាប់។ ការដើរ និងការលាតសន្ធឹងសាច់ដុំថ្នមៗ អាចជួយបន្ថយការឈឺ និងជួយឱ្យសរសៃប្រសាទស្តារខ្លួនបានល្អ។ បើចលនាធ្វើឱ្យការឈឺកាន់តែខ្លាំង គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
ប្រើទឹកកក និងកម្ដៅឱ្យត្រឹមត្រូវ។ ក្នុងសប្តាហ៍ដំបូង អាចស្អំទឹកកកលើតំបន់ឈឺរយៈពេល ១៥–២០ នាទី ដើម្បីបន្ថយការរលាក និងការកន្ត្រាក់សាច់ដុំ។ បន្ទាប់ពីនោះ អាចប្តូរមកស្អំកម្ដៅ ដើម្បីបង្កើនលំហូរឈាម បន្ធូរសាច់ដុំ និងជួយឱ្យការជាសះស្បើយកាន់តែលឿន។
ប្រើថ្នាំបំបាត់ការឈឺចាប់ដោយប្រុងប្រយ័ត្ន។ ថ្នាំបំបាត់ការឈឺចាប់ដែលអាចទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា ដូចជា Ibuprofen ឬ Naproxen អាចជួយបន្ថយការឈឺបាន ប៉ុន្តែគួរប្រើតាមកម្រិតដែលបានណែនាំ និងមិនគួរលើសកម្រិតកំណត់។
ទោះបីជាអាការៈភាគច្រើនអាចធូរស្រាលដោយខ្លួនឯងក៏ដោយ អ្នកគួរទៅជួបវេជ្ជបណ្ឌិត ប្រសិនបើឈឺជាលើកដំបូងនៅអាយុក្រោម ២០ ឆ្នាំ ឬលើស ៥៥ ឆ្នាំ មានការឈឺខ្លាំង មានអាការៈខ្សោយជើង ឬប្រអប់ជើង មានគ្រុនក្តៅរួមជាមួយការឈឺ ឬមានប្រវត្តិជំងឺមហារីក។
សរុបមក ការធ្វើចលនារាងកាយថ្នមៗ ការស្អំទឹកកក និងកម្ដៅតាមពេលវេលាសមស្រប ព្រមទាំងការប្រើថ្នាំត្រឹមត្រូវ អាចជួយបន្ថយអាការៈឈឺសរសៃប្រសាទស្យាទិកាបាន។ ទោះជាយ៉ាងណា ប្រសិនបើអាការៈមិនធូរស្រាល ឬមានសញ្ញាគ្រោះថ្នាក់ គួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់៕