យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងថ្ងៃអាចជួយឱ្យរាងកាយស្រស់ស្រាយ បន្ថយភាពនឿយហត់ និងបង្កើនការផ្តោតអារម្មណ៍។ ប៉ុន្តែអ្នកជំនាញបានព្រមានថា ការគេងថ្ងៃលើស ៣០ នាទីជាប្រចាំ អាចមានទំនាក់ទំនងជាមួយសូចនាករសុខភាពមិនល្អមួយចំនួន។
ការសិក្សាមួយដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Obesity លើមនុស្សពេញវ័យមានសុខភាពល្អចំនួន ៣.២៧៥ នាក់ បានរកឃើញថា អ្នកដែលគេងថ្ងៃ ៣០ នាទីឡើងទៅ មានទំនោរមានសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ជាង ព្រមទាំងមានកម្រិតកូឡេស្តេរ៉ុល ជាតិស្ករក្នុងឈាម និងសម្ពាធឈាមខ្ពស់ជាងអ្នកដែលមិនគេងថ្ងៃ។
ផ្ទុយទៅវិញ អ្នកដែលគេងថ្ងៃ ក្រោម ៣០ នាទី មិនបានបង្ហាញហានិភ័យដូចខាងលើទេ ហើយថែមទាំងអាចមានហានិភ័យលើសឈាមទាបជាងអ្នកដែលមិនគេងថ្ងៃទៀតផង។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវបញ្ជាក់ថា នេះគ្រាន់តែជាការសិក្សាបែបសង្កេតប៉ុណ្ណោះ ដែលបង្ហាញពីទំនាក់ទំនង មិនទាន់អាចបញ្ជាក់ថា ការគេងថ្ងៃយូរជាមូលហេតុផ្ទាល់នៃការធាត់ ឬជំងឺទាំងនេះឡើយ។
អ្នកជំនាញសន្និដ្ឋានថា ការគេងថ្ងៃយូរអាចរំខានដល់នាឡិកាជីវសាស្ត្ររបស់រាងកាយ ដែលអាចពាក់ព័ន្ធនឹងភាពធន់នឹងអាំងស៊ុយលីន ភាពធាត់ និងក្រុមរោគសញ្ញាមេតាបូលីស។ លើសពីនេះ មនុស្សមួយចំនួនក៏អាចមានអារម្មណ៍ឃ្លាន និងចង់ញ៉ាំអាហារផ្អែម ឬអាហារមានកាឡូរីខ្ពស់បន្ទាប់ពីភ្ញាក់ពីគេង ដែលអាចប៉ះពាល់ដល់ការគ្រប់គ្រងទម្ងន់ផងដែរ។
ដើម្បីទទួលបានអត្ថប្រយោជន៍ពីការគេងថ្ងៃ អ្នកជំនាញណែនាំឱ្យគេងត្រឹម ២០–៣០ នាទី ដោយកំណត់ម៉ោងរោទិ៍ជាមុន និងជៀសវាងការគេងនៅពេលរសៀលជ្រៅ ឬជិតពេលល្ងាច ព្រោះអាចធ្វើឱ្យពិបាកគេងនៅពេលយប់។
ប្រសិនបើអ្នកតែងតែត្រូវគេងថ្ងៃយូរ ដោយសារងងុយគេងខ្លាំង ឬអស់កម្លាំងជាប្រចាំ គួរពិនិត្យមើលគុណភាពនៃការគេងពេលយប់ ព្រោះការគេងថ្ងៃមិនអាចជំនួសការគេងយប់ដែលមិនគ្រប់គ្រាន់បានទេ។
សរុបមក ការគេងថ្ងៃនៅតែមានអត្ថប្រយោជន៍ចំពោះសុខភាព ប៉ុន្តែគួររក្សារយៈពេលឱ្យខ្លី មិនលើស ៣០ នាទី និងមានទម្លាប់គេងពេលយប់ឱ្យបានទៀងទាត់ ដើម្បីទទួលបានផលល្អបំផុតចំពោះរាងកាយ៕