យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងឆ្ងល់ថា គួរបោសធូលីមុនហើយទើបជូត ឬជូតមុនហើយទើបបោស? តាមគោលការណ៍សម្អាតអនាម័យ វិធីដែលមានប្រសិទ្ធភាពជាងគេគឺ បោសមុន រួចទើបជូត។
ការបោសធូលី សក់ និងកម្ទេចកម្ទីចេញមុន ជួយការពារកុំឱ្យធូលីលាយជាមួយទឹកក្លាយជាស្នាមកខ្វក់ស្អិតលើកម្រាល។ វាក៏ជួយការពារកុំឱ្យកំទេចថ្មតូចៗកកិតបំផ្លាញផ្ទៃកម្រាល និងធ្វើឱ្យក្រណាត់ជូតខូចលឿន។
បន្ថែមពីនេះ ការបោសមុនអាចជួយសន្សំទឹក និងទឹកថ្នាំជូត ព្រោះទឹកក្នុងធុងមិនងាយកខ្វក់ខ្លាំង។ បន្ទាប់ពីបោសរួច ការជូតនឹងធ្វើឱ្យផ្ទៃផ្ទះស្អាត ភ្លឺ និងមានអនាម័យជាងមុន។
សម្រាប់ផ្ទះដែលមានធូលីច្រើន ឬនៅជិតផ្លូវ អាចប្រើវិធីបាញ់ទឹកបន្តិចលើកម្រាល ឬប្រើម៉ាស៊ីនបូមធូលីមុនបោស ដើម្បីកាត់បន្ថយធូលីហុយឡើង។ ដូច្នេះ ដើម្បីឱ្យផ្ទះស្អាតល្អបំផុត គួរចងចាំថា បោសមុន ជូតក្រោយ គឺជាវិធីត្រឹមត្រូវបំផុត៕