យោងតាមការចុះផ្សាយពីប្រភពបរទេស ពេលខ្លះមូលហេតុដែលធ្វើឱ្យជីវិតមានភាពតានតឹង មិនមែនដោយសារយើងធ្វើអ្វីតិចពេកទេ ប៉ុន្តែដោយសារយើងនៅតែរក្សាទម្លាប់ ឬរឿងខ្លះៗដែលធ្វើឱ្យចិត្តនឿយហត់។ ការរៀន “បោះបង់” អ្វីដែលមិនមានប្រយោជន៍ អាចជួយឱ្យជីវិតមានភាពស្ងប់ស្ងាត់ និងមានសុខភាពផ្លូវចិត្តល្អជាងមុន។
អ្នកជំនាញណែនាំឱ្យសាកល្បងឈប់ធ្វើរឿងទាំង ១២ នេះ ដើម្បីបង្កើនគុណភាពជីវិត៖
ឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ព្រោះមនុស្សម្នាក់ៗមានផ្លូវជីវិតខុសគ្នា ការប្រៀបធៀបច្រើនពេកអាចធ្វើឱ្យខ្លួនឯងបាត់បង់ទំនុកចិត្ត។
ឈប់យកពាក្យសម្តីអ្នកដទៃមកដាក់ក្នុងចិត្តទាំងអស់ ព្រោះមិនមែនគ្រប់មតិយោបល់សុទ្ធតែមានឥទ្ធិពលលើជីវិតរបស់យើងឡើយ។
ឈប់គេងយប់ជ្រៅដោយមិនចាំបាច់ ព្រោះការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាព អារម្មណ៍ ស្បែក និងការចងចាំ។
ឈប់ប្រើបណ្តាញសង្គមច្រើនពេក ព្រោះការកាត់បន្ថយពេលវេលាលើអ៊ីនធឺណិត អាចជួយបន្ថយភាពតានតឹង និងមានពេលសម្រាប់ខ្លួនឯងកាន់តែច្រើន។
ឈប់បង្ខំខ្លួនក្នុងទំនាក់ទំនងដែលធ្វើឱ្យអ្នកនឿយហត់ ទោះជាមិត្តភាព ស្នេហា ឬការងារ ពេលខ្លះការដើរចេញគឺជាវិធីថែរក្សាខ្លួនឯង។
ឈប់គិតច្រើនអំពីរឿងដែលអ្នកមិនអាចគ្រប់គ្រងបាន ព្រោះរឿងខ្លះត្រូវទុកឱ្យពេលវេលាជាអ្នកដោះស្រាយ។
ឈប់ញ៉ាំអាហារតាមអារម្មណ៍ ព្រោះការគ្រប់គ្រងទម្លាប់ញ៉ាំអាចជួយរក្សាទម្ងន់ និងថាមពលក្នុងរាងកាយ។
ឈប់ពន្យារពេលការងារ ព្រោះការធ្វើអ្វីៗតាមពេលវេលា អាចជួយឱ្យចិត្តស្ងប់ និងកាត់បន្ថយភាពតានតឹង។
ឈប់ចំណាយលុយដើម្បីផ្គាប់ចិត្តអ្នកដទៃជានិច្ច ព្រោះការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ នឹងធ្វើឱ្យជីវិតមានភាពស្ថិរភាពជាងមុន។
ឈប់បន្ទោសខ្លួនឯងគ្រប់ពេល ព្រោះមនុស្សគ្រប់រូបអាចធ្វើខុស ហើយមិនចាំបាច់ល្អឥតខ្ចោះគ្រប់រឿងឡើយ។
ឈប់នៅក្នុងកន្លែងដែលធ្វើឱ្យអ្នកគ្មានសុភមង្គល ព្រោះការផ្លាស់ប្តូរពេលខ្លះជាជំហានដើម្បីការពារខ្លួនឯង។
ឈប់និយាយអាក្រក់ចំពោះខ្លួនឯង ព្រោះពាក្យដែលយើងនិយាយទៅកាន់ខ្លួនឯង មានឥទ្ធិពលខ្លាំងលើអារម្មណ៍ និងទំនុកចិត្ត។
ជីវិតដែលល្អប្រសើរ មិនតែងតែចាប់ផ្តើមពីការធ្វើអ្វីថ្មីៗបន្ថែមទេ ប៉ុន្តែអាចចាប់ផ្តើមពីការលះបង់រឿងដែលធ្វើឱ្យយើងធ្ងន់ចិត្ត ដើម្បីរស់នៅបានស្រាល និងមានសុខភាពផ្លូវចិត្តល្អជាងមុន៕