យោងតាមការចុះផ្សាយពីប្រភពបរទេស ពងមាន់ជាអាហារសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ និងខ្លាញ់ល្អ។ អ្នកជំនាញបញ្ជាក់ថា ការចម្អិនពងមាន់ឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយឱ្យរាងកាយស្រូបយកប្រូតេអ៊ីនបានល្អជាងពងឆៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាសារធាតុចិញ្ចឹមសំខាន់ៗបានកាន់តែច្រើនផងដែរ។
ការសិក្សាបង្ហាញថា ពងមាន់ដែលចម្អិនរួច អាចឱ្យរាងកាយស្រូបយកប្រូតេអ៊ីនបានរហូតដល់ប្រមាណ ៩១% ខណៈពងឆៅស្រូបយកបានត្រឹមប្រហែល ៥១% ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការចម្អិននៅសីតុណ្ហភាពខ្ពស់ពេក ឬយូរពេក អាចធ្វើឱ្យវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនថយចុះ។
អ្នកជំនាញណែនាំវិធីចម្អិនពងមាន់ដែលល្អសម្រាប់សុខភាពមាន ៣យ៉ាង៖
ស្ងោរ ជាវិធីដែលរក្សាសារធាតុចិញ្ចឹមបានល្អ និងមិនបន្ថែមខ្លាញ់។ ពងស្ងោរក៏ជួយឱ្យឆ្អែតបានយូរ និងស័ក្តិសមសម្រាប់អ្នកចង់គ្រប់គ្រងទម្ងន់។
ពងស្រុះក្នុងទឹកក្តៅ ក៏ជាជម្រើសល្អដែរ ព្រោះមិនត្រូវការប្រេងឆា ជួយរក្សារសជាតិ និងសារធាតុចិញ្ចឹមបានល្អ ហើយងាយរំលាយ ជាពិសេសសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារងាយប្រតិកម្ម។
ពងចៀន អាចទទួលទានបាន ប៉ុន្តែគួរប្រើប្រេងដែលធន់នឹងកម្ដៅ ដូចជាប្រេងផ្លែប័រ ឬប្រេងផ្កាឈូករ័ត្ន និងជៀសវាងការចៀននៅកម្ដៅខ្លាំងពេក ព្រោះអាចប៉ះពាល់ដល់សារធាតុចិញ្ចឹម និងបង្កើនការកកើតសារធាតុដែលមិនល្អ។
ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន អ្នកជំនាញណែនាំឱ្យញ៉ាំពងមាន់ជាមួយបន្លែស្រស់ ឬបន្លែឆ្អិន ដើម្បីបន្ថែមជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ។ លើសពីនេះ ក៏គួរជៀសវាងការចម្អិនពងយូរពេក ដើម្បីរក្សាគុណតម្លៃអាហារឱ្យបានល្អបំផុត៕