យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងមិនមែនជាពេលសម្រាករាងកាយតែប៉ុណ្ណោះទេ ប៉ុន្តែជាពេលដែលរាងកាយជួសជុលកោសិកាដែលខូចខាត និងធ្វើឱ្យអ័រម៉ូនមានតុល្យភាព។ សម្រាប់អ្នកដែលប្រឈមនឹងភាពតានតឹង និងបរិយាកាសបំពុលប្រចាំថ្ងៃ ការគេងមានគុណភាពអាចក្លាយជាវិធីថែសម្រស់ធម្មជាតិដ៏មានប្រសិទ្ធភាព។
ការគេងឱ្យបាន ៧-៩ ម៉ោងក្នុងមួយយប់ គឺជាមូលដ្ឋានសំខាន់សម្រាប់សុខភាព និងស្បែក។ ជាពិសេសចន្លោះម៉ោងប្រហែល ១០យប់ដល់ ២ព្រឹក គឺជាពេលដែលរាងកាយបញ្ចេញអ័រម៉ូនលូតលាស់ខ្ពស់ ជួយជួសជុលកោសិកាស្បែក និងជំរុញការបង្កើតកូឡាជែន។
មុនចូលគេង គួរកាត់បន្ថយការប្រើទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកយ៉ាងហោចណាស់ ៣០-៦០នាទី ព្រោះពន្លឺពីអេក្រង់អាចរំខានដល់ការបញ្ចេញអ័រម៉ូនមេឡាតូនីន ដែលជួយឱ្យគេងលក់ស្រួល។ ការអានសៀវភៅ ឬស្តាប់អ្វីដែលធ្វើឱ្យចិត្តស្ងប់ អាចជួយកាត់បន្ថយភាពតានតឹងបាន។
ឥរិយាបថគេងក៏មានឥទ្ធិពលលើស្បែកផងដែរ។ ការគេងផ្ងារ អាចជួយកាត់បន្ថយសម្ពាធលើផ្ទៃមុខ ការកើតស្នាមជ្រួញពីការគេង និងការហើមមុខនៅពេលព្រឹក។ ការជ្រើសរើសខ្នើយដែលមានកម្ពស់សមរម្យ ក៏អាចជួយឱ្យឈាមរត់បានល្អ និងកាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែក។
បរិយាកាសក្នុងបន្ទប់គេងក៏សំខាន់ដែរ។ សីតុណ្ហភាពប្រហែល ១៨-២២ អង្សាសេ អាចជួយឱ្យរាងកាយចូលទៅក្នុងដំណាក់កាលគេងជ្រៅបានល្អ កាត់បន្ថយអ័រម៉ូនស្ត្រេស និងធ្វើឱ្យភ្ញាក់ឡើងមានអារម្មណ៍ស្រស់ស្រាយ។
ការប្រើស្រោមខ្នើយធ្វើពីសូត្រ ឬសាទីន ក៏អាចជួយថែស្បែក និងសក់ ព្រោះវាមានការកកិតតិច មិនងាយទាញស្បែកមុខ និងជួយកាត់បន្ថយបញ្ហាសក់រញ៉េរញ៉ៃក្រោយភ្ញាក់ពីគេង។
មុនចូលគេង គួរជៀសវាងអាហារច្រើន ឬអាហារហឹរយ៉ាងហោចណាស់ ៣ម៉ោង ព្រោះការរំលាយអាហារខ្លាំងអាចរំខានដល់ការគេង។ អាចជ្រើសរើសភេសជ្ជៈក្តៅៗដែលគ្មានជាតិកាហ្វេអ៊ីន ដូចជា ទឹកដោះគោក្តៅ ឬតែរុក្ខជាតិ ដើម្បីជួយឱ្យរាងកាយសម្រាក។
សរុបមក សម្រស់មិនត្រឹមតែចាប់ផ្តើមពីផលិតផលថែស្បែកទេ ប៉ុន្តែចាប់ផ្តើមពីទម្លាប់គេងប្រចាំថ្ងៃផងដែរ។ ការកែប្រែរបៀបគេងបន្តិចបន្តួច អាចជួយឱ្យស្បែកភ្លឺថ្លា មុខស្រស់ និងរាងកាយមានថាមពលកាន់តែប្រសើរ៕