បេះដូងដើរញាប់ ឬចង្វាក់បេះដូងលោតលឿន គឺជាបញ្ហាសុខភាពគួរអោយព្រួយបារម្ភមួយដែលអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា។ មួយចំនួនក្នុងចំណោមកត្តាទាំងនោះ រួមបញ្ចូលទាំងភាពតានតឹងក្នុងអារម្មណ៍, ជំងឺថប់បារម្ភ, ភ័យស្លន់ស្លោ, ខ្វះគ្រាប់ឈាមក្រហម, ជំងឺក្រពេញទីរ៉ូអ៊ីត, ជាតិស្ករក្នុងឈាមទាបពេក, កង្វះជាតិទឹកក្នុងរាងកាយ និងអតុល្យភាពនៃអេឡិចត្រូលីត្រ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពេលខ្លះវាក៏បណ្ដាលមកពីការប្រើប្រាស់ផលិតផលមានផ្ទុកសារធាតុ tobacco, ការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈកាហ្វេអ៊ីនដូចជា កាហ្វេ និងតែផងដែរ។ ភាគច្រើន អត្រាចង្វាក់បេះដូងលោតលឿនកើតឡើងដោយគ្មានហេតុផលណាមួយច្បាស់លាស់។ ទោះជាយ៉ាងណា អ្នកអាចដោះស្រាយបញ្ហាសុខភាពនេះដោយខ្លួនឯងបាន។ ប៉ុន្តែប្រសិនបើអ្នកតែងជួបប្រទះអាការៈនេះជាញឹកញាប់ ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឺះងាយៗដោះស្រាយបញ្ហាបេះដូងលោតញាប់ ៖

១. ដកដង្ហើមចូលជ្រៅយឺតៗ

ជាពិសេសប្រសិនបើអ្នកជួបប្រទះបញ្ហាបេះដូងលោតលឿន បណ្ដាលមកពីភាពតានតឹងក្នុងអារម្មណ៍ ឬថប់បារម្ភ។ ការដកដង្ហើមយឺតៗ ចេញចូលវែងៗ ជួយផ្ដល់ភាពធូរស្រាលដល់រាងកាយ និងផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទៅកាន់ខួរក្បាល។ ដកដង្ហើមចូលតាមច្រមុះ និងបណ្ដោយឱ្យក្បាលពោះរីកធំ។ ទប់ដង្ហើមប៉ុន្មានជា ២ វិនាទី សឹមដកដង្ហើមចេញយឺតៗតាមមាត់។ អនុវត្តឡើងវិញ រហូតដល់បេះដូងលោតធម្មតាវិញ។

២. ក្លែងក្អក

ការធ្វើជាក្អកខ្លាំងៗប៉ុន្មានជា ២-៣ វិនាទី ជួយបញ្ឈប់បេះដូងលោតញាប់បានយ៉ាងប្រសើរ។ ការប្រើបច្ចេកទេសនេះបង្កសម្ពាធក្នុងទ្រូង ហើយបង្ខំបេះដូងលោតដូចធម្មតាវិញ។

៣. ទទួលទានទឹកត្រជាក់មួយកែវ

ប្រសិនបើអ្នកមានអារម្មណ៍ថា បេះដូងរបស់អ្នកកំពុងលោតញាប់ខុសប្រក្រតី ចូរទទួលទានទឹកត្រជាក់មួយកែវ។ វិធីនេះជួយបំបាត់មូលហេតុទូទៅមួយចំនួនដែលបណ្ដាលឱ្យបេះដូងលោតលឿន ដូចជាស្ត្រេស, ថប់បារម្ភ និងសូម្បីតែវិលមុខ។ ហើយក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយជាមូលហេតុមួយនៅពីក្រោយបញ្ហាបេះដូងលោតញាប់ដែរនោះ ការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់អាចផ្ដល់ប្រយោជន៍ច្រើនសម្រាប់អ្នក។

៤. ងូតទឹកត្រជាក់

ក្រៅពីការទទួលទានទឹកត្រជាក់ហើយនោះ ការងូតទឹកត្រជាក់ក៏ជាវិធីដ៏ងាយ ហើយមានប្រសិទ្ធភាពដោះស្រាយបញ្ហាបេះដូងលោតញាប់បានយ៉ាងប្រសើរផងដែរ។

៥. ហាត់ប្រាណជាប្រចាំ

កំឡុងពេលដែលបេះដូងលោតប្រក្រតី អ្នកគួរឆ្លៀតធ្វើលំហាត់ប្រាណបេះដូងមួយចំនួនដូចជា ការដើរ, ហែលទឹក, រាំ, ជិះកត់ និងលេងបាល់បោះ ឬវាយសី។ លំហាត់ប្រាណទាំងនេះជួយពង្រឹងសាច់ដុំបេះដូង ហើយដំណើរការមុខងារកាន់តែមានប្រសិទ្ធភាព។ កំឡុងពេលសម្រាក ចង្វាក់បេះដូងរបស់អ្នកនឹងថយចុះ។

៦. ទទួលទានអាហារសម្បូរដោយជាតិរ៉ែចាំបាច់

ម៉ាញ៉េស្យូម និងប៉ូតាស្យូម ជាជាតិរ៉ែចាំបាច់ដែលជួយគ្រប់គ្រងអត្រានៃចង្វាក់បេះដូង។ ដូច្នេះហើយទើបការរួមបញ្ចូលអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិរ៉ែទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃ គឺជាគំនិតដ៏ប្រសើរបំផុតមួយ។ ប្រភពដ៏ល្អនៃម៉ាញ៉េស្យូម គឺធញ្ញជាតិគ្រាប់ពេញ, គ្រាប់សណ្ដែក, គ្រាប់ធញ្ញជាតិ និងត្រី។ ហើយចេក, ដំឡូងបារាំង, ផ្សិត, យ៉ាអួរ និងបន្លែបៃតង គឺជាប្រភពដ៏ល្អនៃប៉ូតាស្យូម៕