យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមដើរតួនាទីដ៏សំខាន់មួយដែលជួយបន្សាបជាតិពុល បញ្ចេញសារធាតុមិនចាំបាច់ និងរក្សាតុល្យភាពក្នុងរាងកាយ។ ប៉ុន្តែទម្លាប់ប្រចាំថ្ងៃមួយចំនួន ដូចជា ការញ៉ាំអាហារមិនល្អ គេងយប់ជ្រៅ ផឹកស្រា ឬមានស្ត្រេសច្រើន អាចធ្វើឱ្យថ្លើមរងសម្ពាធដោយមិនដឹងខ្លួន។
នៅពេលថ្លើមមានបញ្ហា អាចបង្ហាញសញ្ញាដូចជា អស់កម្លាំង បាត់បង់ចំណង់អាហារ មិនស្រួលក្នុងពោះ ហើយបើមិនថែទាំទាន់ពេល អាចមានរោគសញ្ញាធ្ងន់ធ្ងរជាងនេះ ដូចជា ស្បែក និងភ្នែកលឿង រមាស់ខ្លួន ហើមពោះ គេងមិនលក់ និងរាងកាយចុះខ្សោយ។
ដើម្បីជួយថែរក្សាថ្លើមឱ្យដំណើរការល្អ អ្នកជំនាញណែនាំឱ្យកែប្រែទម្លាប់ប្រចាំថ្ងៃចំនួន ៧យ៉ាងនេះ៖
ចាប់ផ្តើមពីការទទួលទានអាហារដែលមានប្រយោជន៍ ដោយបន្ថែមបន្លែស្លឹកបៃតង ផ្លែឈើ និងអាហារសម្បូរប្រូតេអ៊ីន ដែលអាចជួយគាំទ្រដល់ដំណើរការបន្សាបជាតិពុល រក្សាលំនឹងជាតិស្ករក្នុងឈាម និងកាត់បន្ថយបន្ទុកការងាររបស់ថ្លើម។
ផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ព្រោះទឹកជួយឱ្យរាងកាយបញ្ចេញកាកសំណល់តាមទឹកនោម និងញើស ព្រមទាំងជួយគាំទ្រដល់មុខងាររបស់ថ្លើម និងតម្រងនោម។
កាត់បន្ថយអាហារដែលមានកាបូអ៊ីដ្រាតចម្រាញ់ខ្ពស់ ដូចជា បាយ នំប៉័ង មី និងដំឡូង នៅពេលទទួលទានច្រើនពេក ព្រោះអាចបង្កើនការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើម។ គួរកាត់បន្ថយអាហារចៀន អាហារកែច្នៃ អាហារកំប៉ុង និងសាច់ក្រហមផងដែរ។
ជៀសវាងការផឹកស្រា និងគ្រឿងស្រវឹង ព្រោះសារធាតុទាំងនេះអាចធ្វើឱ្យកោសិកាថ្លើមរងការខូចខាត និងបង្កើនការរលាក។ ការកាត់បន្ថយ ឬឈប់ផឹកស្រា អាចផ្តល់ឱកាសឱ្យថ្លើមស្តារខ្លួនឡើងវិញ។
គេងឱ្យបានគ្រប់គ្រាន់ប្រហែល ៨ម៉ោងក្នុងមួយយប់ និងព្យាយាមចូលគេងមុនម៉ោង ១១យប់ ដើម្បីឱ្យរាងកាយ និងថ្លើមមានពេលស្តារខ្លួន និងបំពេញមុខងារបានល្អ។
គ្រប់គ្រងភាពតានតឹងដោយធ្វើសកម្មភាពដែលជួយឱ្យអារម្មណ៍ស្ងប់ ដូចជា អានសៀវភៅ សមាធិ ស្តាប់តន្ត្រី ឬសម្រាកផ្លូវចិត្ត ព្រោះស្ត្រេសយូរអង្វែងអាចប៉ះពាល់ដល់សុខភាពទូទៅ និងប្រព័ន្ធរំលាយអាហារ។
ហាត់ប្រាណជាប្រចាំប្រហែល ៣០នាទីក្នុងមួយថ្ងៃ ដើម្បីជួយជំរុញការរំលាយអាហារ កាត់បន្ថយការប្រមូលផ្តុំខ្លាញ់ និងជួយឱ្យថ្លើមដំណើរការបានមានប្រសិទ្ធភាពជាងមុន។
ការថែរក្សាថ្លើមមិនចាំបាច់ចាប់ផ្តើមពីការផ្លាស់ប្តូរធំៗទេ។ ការកែប្រែទម្លាប់តូចៗ ដូចជា ញ៉ាំអាហារមានតុល្យភាព ផឹកទឹកគ្រប់គ្រាន់ គេងឱ្យបានល្អ និងហាត់ប្រាណជាប្រចាំ អាចជួយការពារថ្លើម និងរក្សាសុខភាពបានយូរអង្វែង៕