យោងតាមការចុះផ្សាយពីប្រភពបរទេស ការចូលគេងយប់ជ្រៅជាប្រចាំ មិនត្រឹមតែធ្វើឱ្យអស់កម្លាំង និងប៉ះពាល់ដល់សុខភាពទូទៅប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កើនហានិភ័យនៃបញ្ហាតម្រងនោមផងដែរ ជាពិសេសប្រសិនបើវាក្លាយជាទម្លាប់រយៈពេលវែង។
អ្នកជំនាញពន្យល់ថា តម្រងនោមធ្វើការចម្រោះឈាមពេញ ២៤ម៉ោង ប៉ុន្តែដំណាក់កាលដែលរាងកាយជួសជុល និងស្តារកោសិកាតម្រងនោមបានល្អបំផុត គឺនៅពេលគេងលក់ស្កប់ ជាពិសេសចន្លោះម៉ោង ១១យប់ ដល់ ៣ទៀបភ្លឺ។
ដូច្នេះ ការចូលគេងក្រោយម៉ោង ១១យប់ជាញឹកញាប់ អាចរំខានដល់ដំណើរការស្តារតម្រងនោម បង្កឱ្យអ័រម៉ូន ចង្វាក់ជីវសាស្ត្រ និងសម្ពាធឈាមប្រែប្រួល ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពតម្រងនោមក្នុងរយៈពេលវែង។
ការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលចូលគេងក្រោយម៉ោង ១១យប់ជាប្រចាំ និងគេងតិចជាង ៦ម៉ោងក្នុងមួយយប់ មានហានិភ័យខ្ពស់ជាងក្នុងការកើតបញ្ហាតម្រងនោម ដូចជា ការលេចប្រូតេអ៊ីនក្នុងទឹកនោម ការថយចុះមុខងារតម្រងនោមរ៉ាំរ៉ៃ និងបញ្ហាពាក់ព័ន្ធនឹងសម្ពាធឈាម និងជាតិស្ករក្នុងឈាម។
ការស្រាវជ្រាវមួយក៏បានបង្ហាញដែរថា អ្នកដែលគេងតិចជាង ៦ម៉ោងក្នុងមួយយប់ មានអត្រាថយចុះនៃមុខងារចម្រោះឈាមរបស់តម្រងនោមលឿនជាងអ្នកដែលគេងចន្លោះពី ៧ ទៅ ៨ម៉ោង។
ដោយសារតម្រងនោមជាសរីរាង្គដែលមិនសូវបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូង អ្នកជំនាញណែនាំឱ្យចូលគេងមុនម៉ោង ១១យប់ គេងឱ្យបាន ៧ ទៅ ៨ម៉ោងក្នុងមួយយប់ និងរក្សាទម្លាប់រស់នៅមានសុខភាពល្អ ដើម្បីជួយការពារតម្រងនោម និងសុខភាពទូទៅក្នុងរយៈពេលវែង៕