យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរគឺជាលំហាត់ប្រាណដ៏សាមញ្ញដែលជួយពង្រឹងសុខភាពបេះដូង សាច់ដុំ និងជួយគ្រប់គ្រងទម្ងន់ ប៉ុន្តែប្រសិនបើដើរមិនបានត្រឹមត្រូវ វាអាចធ្វើឱ្យអស់កម្លាំង ឈឺខ្នង ឈឺក និងមិនទទួលបានអត្ថប្រយោជន៍ពេញលេញ។
ការបោះដៃមិនត្រឹមត្រូវ គឺជាកំហុសមួយដែលមនុស្សជាច្រើនមើលរំលង។ ពេលដើរ គួរបោះដៃដោយធម្មជាតិ ឱ្យដៃម្ខាងស្របនឹងជើងម្ខាងទៀត ដើម្បីជួយរក្សាលំនឹង និងធ្វើឱ្យចលនារលូនជាងមុន។
ការឱនមើលដី ឬមើលទូរស័ព្ទជានិច្ច អាចធ្វើឱ្យសាច់ដុំក និងខ្នងតានតឹង ព្រមទាំងប៉ះពាល់ដល់ឥរិយាបថ។ អ្នកជំនាញណែនាំឱ្យសម្លឹងទៅមុខប្រហែល ៥ម៉ែត្រ និងរក្សាក្បាលឱ្យត្រង់។
អ្នកដែលទើបចាប់ផ្តើមហាត់ប្រាណ មិនគួរដើរច្រើនពេកតាំងពីដំបូងឡើយ ព្រោះអាចបណ្តាលឱ្យអស់កម្លាំង ឈឺសាច់ដុំ និងបាត់បង់ការលើកទឹកចិត្តក្នុងការបន្តហាត់ប្រាណ។
ការស្ពាយកាបូបធ្ងន់ ឬស្ពាយតែមួយស្មា អាចធ្វើឱ្យទម្ងន់រាងកាយមិនស្មើគ្នា បង្កឱ្យឈឺស្មា និងឈឺខ្នង ជាពិសេសប្រសិនបើដើររយៈពេលយូរ។
ការបោះជំហានវែងពេក ក៏អាចបង្កើនសម្ពាធលើខ្នង និងសាច់ដុំជើងផងដែរ។ វិធីល្អគឺបោះជំហានឱ្យសមស្រប ហើយបង្កើនចំនួនជំហានក្នុងមួយនាទី ជាជាងបង្កើនប្រវែងជំហាន។
ចុងក្រោយ ការពាក់ស្បែកជើងមិនសមស្រប អាចបង្កឱ្យឈឺជើង និងបង្កើនហានិភ័យរបួស។ គួរជ្រើសរើសស្បែកជើងដែលទ្រទ្រង់បាតជើងបានល្អ មានទ្រនាប់ទន់ និងអាចស្រូបយកការប៉ះទង្គិចបានល្អ។
ការកែប្រែកំហុសតូចៗទាំងនេះ អាចជួយឱ្យការដើរហាត់ប្រាណមានប្រសិទ្ធភាពកាន់តែខ្ពស់ កាត់បន្ថយហានិភ័យរបួស និងជួយឱ្យអ្នកទទួលបានអត្ថប្រយោជន៍ពេញលេញពីការដើរជារៀងរាល់ថ្ងៃ៕