យោងតាមការចុះផ្សាយពីព្រភពបរទេស ការសិក្សាថ្មីមួយបង្ហាញថា អាហារធម្មតាដែលមាននៅក្នុងផ្ទះដូចជា ពងមាន់ អាចមានអត្ថប្រយោជន៍សម្រាប់សុខភាពខួរក្បាល ប្រសិនបើទទួលទានក្នុងបរិមាណសមរម្យ។
ការស្រាវជ្រាវពីសាកលវិទ្យាល័យ Loma Linda នៅសហរដ្ឋអាម៉េរិក ដែលសិក្សាលើមនុស្សជាង ៤០,០០០នាក់ និងតាមដានរយៈពេលជាមធ្យម ១៥,៣ឆ្នាំ បានរកឃើញថា អ្នកដែលញ៉ាំពងមាន់ជាប្រចាំ មានហានិភ័យកើតជំងឺអាល់ហ្សៃមឺរទាបជាងអ្នកដែលមិនសូវញ៉ាំ។
លទ្ធផលបង្ហាញថា អ្នកដែលញ៉ាំពងមាន់ប្រហែល ៥គ្រាប់ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យជំងឺអាល់ហ្សៃមឺរបានរហូតដល់ប្រហែល ២៧% ខណៈការញ៉ាំ ១គ្រាប់ក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យបានប្រហែល ១៧% ហើយការញ៉ាំ ១គ្រាប់ក្នុងមួយថ្ងៃ អាចកាត់បន្ថយបានប្រហែល ២៦%។
មូលហេតុដែលពងមាន់អាចជួយដល់ខួរក្បាល គឺដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា កូលីន, DHA, លូទីន , ស៊ីអាសានទីន និងវីតាមីន B12 ដែលមានតួនាទីជួយថែរក្សាកោសិកាខួរក្បាល និងការងាររបស់ប្រព័ន្ធប្រសាទ។
ទោះបីជាជំងឺអាល់ហ្សៃមឺរមិនទាន់មានវិធីព្យាបាលឱ្យជាសះស្បើយទាំងស្រុងក៏ដោយ ការកែប្រែទម្លាប់រស់នៅតូចៗ ដូចជាការជ្រើសរើសអាហារដែលមានប្រយោជន៍ អាចជួយថែរក្សាសុខភាពខួរក្បាលបាននៅរយៈពេលវែង។
ទោះយ៉ាងណា ការញ៉ាំពងមាន់គួរធ្វើឡើងក្នុងបរិមាណសមរម្យ និងភ្ជាប់ជាមួយការហាត់ប្រាណ ការគេងគ្រប់គ្រាន់ និងរបបអាហារមានតុល្យភាព ដើម្បីទទួលបានសុខភាពល្អទាំងមូល៕