យោងតាមការចុះផ្សាយពីប្រភពបរទេស ការហាត់ប្រាណល្អសម្រាប់សុខភាព ប៉ុន្តែសម្រាប់អ្នកមានអាយុលើស ៥០ឆ្នាំ មិនមែនការហាត់ប្រាណគ្រប់ប្រភេទសុទ្ធតែផ្តល់ផលល្អនោះទេ។ ការបង្ខំរាងកាយខ្លាំងពេកអាចបង្ករបួសសន្លាក់ បេះដូង និងធ្វើឱ្យដំណើរការចាស់ជរាលឿនឡើង។
អ្នកជំនាញណែនាំឱ្យជៀសវាងកីឡាដែលមានហានិភ័យខ្ពស់ ដូចជា ការរត់ចម្ងាយឆ្ងាយ កីឡាប៉ះទង្គិចខ្លាំង ការលើកទម្ងន់ធ្ងន់ និងការហាត់ប្រាណកម្រិតខ្ពស់ ព្រោះវាអាចបង្កើនសម្ពាធលើជង្គង់ ឆ្អឹងខ្នង សរសៃពួរ និងប្រព័ន្ធបេះដូង។
ជំនួសវិញ អ្នកមានអាយុលើស ៥០ឆ្នាំគួរជ្រើសរើសសកម្មភាពដែលមានកម្រិតមធ្យម ដូចជា ដើរលឿន ហែលទឹក តៃជី យូហ្គា ឬហាត់កម្លាំងស្រាលៗ ដើម្បីរក្សាសាច់ដុំ និងឆ្អឹងឱ្យរឹងមាំ។
ការហាត់ប្រាណត្រឹមត្រូវ មិនមែនវាស់តាមភាពខ្លាំងនោះទេ ប៉ុន្តែគឺការហាត់ឱ្យសមស្របនឹងសមត្ថភាពរាងកាយ ដើម្បីរក្សាសុខភាព និងអាយុវែង៕