យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងមានអារម្មណ៍ងងុយ អស់កម្លាំង និងពិបាកផ្តោតអារម្មណ៍នៅចន្លោះម៉ោង ២-៣ រសៀល។ អាការៈនេះអាចបណ្តាលមកពីនាឡិកាជីវសាស្ត្ររបស់រាងកាយ ការប្រើភ្នែកយូរពេក ឬភាពនឿយហត់បន្ទាប់ពីធ្វើការពេញមួយព្រឹក។
ប្រសិនបើអ្នកកំពុងជួបបញ្ហានេះ មិនចាំបាច់ប្រញាប់ផឹកកាហ្វេទេ ព្រោះមានវិធីងាយៗ ៥យ៉ាងដែលអាចជួយឱ្យខួរក្បាលភ្ញាក់ស្មារតី និងស្រស់ថ្លាឡើងវិញបានក្នុងរយៈពេលតែប៉ុន្មាននាទី។
ការផឹកទឹកស្អាតមួយកែវធំអាចជួយបំពេញជាតិទឹកក្នុងរាងកាយ ព្រោះការខ្វះជាតិទឹកសូម្បីតែបន្តិច ក៏អាចធ្វើឱ្យអស់កម្លាំង និងគិតបានយឺតជាងធម្មតា។
បន្ទាប់មក សម្រាកភ្នែកដោយអនុវត្តវិធី 20-20-20 គឺរៀងរាល់ ២០នាទី បង្វែរភ្នែកទៅមើលវត្ថុដែលនៅចម្ងាយប្រហែល ២០ហ្វីត រយៈពេល ២០វិនាទី ដើម្បីបន្ថយភាពនឿយហត់ពីការមើលអេក្រង់។
អ្នកក៏អាចម៉ាស្សាថ្នមៗនៅចំណុចកណ្តាលចន្លោះចិញ្ចើមរយៈពេល ១-២នាទី ដែលអាចជួយបន្ធូរភាពតានតឹង និងបង្កើនការផ្តោតអារម្មណ៍បាន។
កុំអង្គុយនៅមួយកន្លែងយូរពេក។ ការក្រោកឈរ លាតសន្ធឹងខ្លួន បង្វិលស្មា ឬដើរបន្តិច អាចជួយជំរុញចរាចរឈាម និងបង្កើនការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាល។
ចុងក្រោយ ក្លិនធម្មជាតិដែលផ្តល់អារម្មណ៍ស្រស់ស្រាយ ដូចជាក្លិនមីន ឬក្រូច អាចជួយឱ្យអារម្មណ៍ភ្ញាក់ស្មារតី និងកាត់បន្ថយភាពតានតឹងបានផងដែរ។
ការងងុយ និងគិតមិនចេញនៅពេលរសៀលជារឿងដែលអាចកើតឡើងចំពោះមនុស្សជាច្រើន ប៉ុន្តែការចំណាយពេលត្រឹម ៥នាទីដើម្បីផឹកទឹក សម្រាកភ្នែក លាតសន្ធឹងរាងកាយ និងបន្ធូរអារម្មណ៍ អាចជួយឱ្យខួរក្បាលស្រស់ថ្លាឡើងវិញ និងធ្វើការបានមានប្រសិទ្ធភាពជាងមុន ដោយមិនចាំបាច់ពឹងផ្អែកលើកាហ្វេ៕