យោងតាមការចុះផ្សាយពីប្រភពបរទេស ភ្នែកមិនត្រឹមតែជាបង្អួចនៃព្រលឹងប៉ុណ្ណោះទេ ប៉ុន្តែក៏អាចឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពរបស់រាងកាយផងដែរ។ ប្រសិនបើភ្នែក ឬតាស (ផ្នែកសនៃភ្នែក) ប្រែទៅជាពណ៌លឿង ស្រអាប់ ឬមានសរសៃឈាមក្រហមច្រើនជាងធម្មតា វាអាចបណ្តាលមកពីទម្លាប់ប្រចាំថ្ងៃ ឬជាសញ្ញាព្រមាននៃបញ្ហាសុខភាពមួយចំនួន។
មូលហេតុដែលជួបញឹកញាប់បំផុត គឺការប្រើភ្នែកខ្លាំងពេក ដូចជាមើលទូរស័ព្ទ ឬកុំព្យូទ័ររយៈពេលយូរ ការគេងមិនគ្រប់គ្រាន់ ការប៉ះពាល់នឹងធូលី ផ្សែង ឬពន្លឺថ្ងៃខ្លាំង។ កត្តាទាំងនេះអាចធ្វើឱ្យភ្នែកស្ងួត រលាក និងធ្វើឱ្យតាសមើលទៅមិនស្រស់ថ្លា។ ដើម្បីកាត់បន្ថយបញ្ហានេះ គួរសម្រាកភ្នែកជាប្រចាំ អនុវត្តវិធី 20-20-20 គឺរៀងរាល់ ២០នាទី សម្លឹងមើលវត្ថុឆ្ងាយប្រហែល ២០ហ្វីត រយៈពេល ២០វិនាទី ហើយអាចប្រើទឹកភ្នែកសិប្បនិម្មិត ប្រសិនបើភ្នែកស្ងួត។
សម្រាប់អ្នកដែលមានអាឡែស៊ី អាចមានអាការៈរមាស់ ក្រហម និងចង់ញីភ្នែកញឹកញាប់ ដែលធ្វើឱ្យសរសៃឈាមក្នុងភ្នែករីកធំ និងមើលឃើញកាន់តែច្បាស់។ ការបង្អាប់ភ្នែកដោយកន្សែងត្រជាក់ និងជៀសវាងសារធាតុដែលបង្កអាឡែស៊ី អាចជួយបន្ថយរោគសញ្ញាបាន។
លើសពីនេះ ការពាក់កញ្ចក់ភ្នែកមិនស្អាត ឬគ្រឿងសម្អាងចូលភ្នែក ក៏អាចបង្កឱ្យភ្នែករលាក ក្រហម ឈឺ ឬហើមបានដែរ។ ប្រសិនបើមានការឈឺចាប់ខ្លាំង ព្រិលភ្នែក ឬមានអាការៈមិនធម្មតាផ្សេងៗ គួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិតភ្នែក និងមិនគួរទិញថ្នាំបន្តក់ភ្នែកប្រើដោយខ្លួនឯងឡើយ។
អ្វីដែលគួរយកចិត្តទុកដាក់ជាងនេះ គឺប្រសិនបើតាសប្រែទៅជាពណ៌លឿងច្បាស់ វាអាចជាសញ្ញានៃជំងឺមួយចំនួន ដូចជា ជំងឺថ្លើម រលាកថ្លើម ឬបញ្ហាបំពង់ទឹកប្រមាត់។ ប្រសិនបើមានរោគសញ្ញារួមដូចជា ស្បែកលឿង ទឹកនោមពណ៌ចាស់ អស់កម្លាំងខ្លាំង ឬហើមជុំវិញភ្នែក គួរប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីរកមូលហេតុ និងទទួលការព្យាបាលទាន់ពេលវេលា។
ដើម្បីរក្សាភ្នែកឱ្យមានសុខភាពល្អ គួរគេងឱ្យបាន ៧-៨ម៉ោងក្នុងមួយយប់ ផឹកទឹកឱ្យបានគ្រប់គ្រាន់ បរិភោគបន្លែ និងផ្លែឈើដែលសម្បូរវីតាមីន A និង C ពាក់វ៉ែនតាការពារកាំរស្មីព្រះអាទិត្យ កាត់បន្ថយការប្រើអេក្រង់យូរពេក និងជៀសវាងផ្សែងបារី។
សរុបមក ភ្នែកដែលស្រស់ថ្លាមិនត្រឹមតែជួយឱ្យមុខមាត់មើលទៅមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាសញ្ញាបង្ហាញថារាងកាយកំពុងមានសុខភាពល្អ។ ផ្ទុយទៅវិញ ប្រសិនបើភ្នែកប្រែពណ៌ ឬមានការផ្លាស់ប្តូរខុសប្រក្រតីដោយមិនដឹងមូលហេតុ កុំមើលរំលង ព្រោះវាអាចជាសញ្ញាព្រមានដំបូងនៃបញ្ហាសុខភាពមួយចំនួន៕