យោងតាមការចុះផ្សាយពីប្រភពបរទេស ចេកជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងល្អសម្រាប់សុខភាព។ ប៉ុន្តែថ្មីៗនេះ អ្នកជំនាញអាហារូបត្ថម្ភនៅប្រទេសជប៉ុនបានលើកឡើងថា ការអាំងចេកមុនញ៉ាំអាចជួយបង្កើនអត្ថប្រយោជន៍មួយចំនួន ជាពិសេសសម្រាប់សុខភាពពោះវៀន បើប្រៀបធៀបនឹងការញ៉ាំចេកធម្មតា។
ចេកទុំមានវីតាមីន B ជាតិសរសៃ ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយផ្តល់ថាមពល គាំទ្រការរំលាយអាហារ ជួយគ្រប់គ្រងសម្ពាធឈាម និងជួយឱ្យរាងកាយដំណើរការបានល្អ។ ទាំងចេកធម្មតា និងចេកអាំងសុទ្ធតែមានអត្ថប្រយោជន៍ ប៉ុន្តែការចម្អិនដោយកម្ដៅអាចធ្វើឱ្យសារធាតុមួយចំនួនមានការប្រែប្រួល។
អ្នកជំនាញពន្យល់ថា ការអាំងចេកអាចជួយបង្កើន អូឡីហ្គោសាការ៉ាយដែលជាអាហាររបស់បាក់តេរីល្អក្នុងពោះវៀន។ សារធាតុនេះអាចជួយរក្សាតុល្យភាពមីក្រូសរីរាង្គក្នុងពោះវៀន ជួយឱ្យការរំលាយអាហារដំណើរការបានល្អ និងអាចកាត់បន្ថយបញ្ហាទល់លាមកក្នុងមនុស្សមួយចំនួន។
ក្រៅពីនេះ ចេកអាំងមានសាច់ទន់ ងាយរំលាយ និងអាចជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ ដែលអាចជួយគ្រប់គ្រងការឃ្លាន និងគាំទ្រការរក្សាទម្ងន់ នៅពេលទទួលទានជាផ្នែកមួយនៃរបបអាហារមានតុល្យភាព។
អ្នកជំនាញណែនាំថា អាចញ៉ាំចេកអាំងនៅពេលព្រឹក ឬមុនហាត់ប្រាណ ដើម្បីផ្តល់ថាមពលដល់រាងកាយ។ បរិមាណសមស្របគឺប្រហែល ១–២ ផ្លែក្នុងមួយថ្ងៃ អាស្រ័យលើតម្រូវការថាមពល និងរបបអាហាររបស់មនុស្សម្នាក់ៗ។
ទោះជាយ៉ាងណា ចេកអាំងមិនមែនមានន័យថាល្អជាងចេកធម្មតាគ្រប់ករណីនោះទេ ព្រោះចេកស្រស់ក៏នៅតែផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដូចគ្នា។ អ្វីដែលសំខាន់គឺគួរអាំងដោយមិនបន្ថែមស្ករ ទឹកដូងផ្អែម ឬទឹកស៊ីរ៉ូច្រើនពេក ដើម្បីជៀសវាងការទទួលបានជាតិស្ករលើសតម្រូវការ។
សរុបមក ចេកអាំងអាចជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ថែរក្សាសុខភាពពោះវៀន និងប្រព័ន្ធរំលាយអាហារ ប៉ុន្តែទាំងចេកអាំង និងចេកធម្មតាសុទ្ធតែមានអត្ថប្រយោជន៍ ប្រសិនបើទទួលទានក្នុងបរិមាណសមស្រប និងជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព៕