យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា ផ្លែឈើអាចញ៉ាំបានគ្រប់ពេល ព្រោះមានវីតាមីន និងសារធាតុចិញ្ចឹមល្អសម្រាប់រាងកាយ។ ប៉ុន្តែការញ៉ាំផ្លែឈើខ្លះនៅពេលពោះទទេ អាចធ្វើឱ្យក្រពះរងការរំខាន ដោយសារតែអាស៊ីត ឬសារធាតុមួយចំនួនក្នុងផ្លែឈើអាចបង្កឱ្យហើមពោះ ឈឺពោះ ឬអាស៊ីតក្រពះឡើង។
ផ្លែឈើដែលគួរប្រុងប្រយ័ត្នពេលពោះទទេមានដូចជា ផ្លែទទឹមដែលមានសារធាតុតានីន និងផិកទីនខ្ពស់ អាចប្រតិកម្មជាមួយអាស៊ីតក្នុងក្រពះ បង្កឱ្យពោះអុចអួល ឈឺពោះ ឬកើតជាកំណករឹងក្នុងក្រពះ ប្រសិនបើញ៉ាំញឹកញាប់។
ប៉េងប៉ោះក៏មិនគួរញ៉ាំពេលពោះទទេដែរ ព្រោះមានអាស៊ីតធម្មជាតិខ្ពស់ អាចជំរុញឱ្យអាស៊ីតក្រពះកើនឡើង បង្កឱ្យក្រហាយទ្រូង ឬអាស៊ីតច្រាលឡើង។
ម្នាស់មានអាស៊ីត និងអង់ស៊ីមដែលអាចរំខានដល់ស្រទាប់ការពារក្រពះ ពិសេសសម្រាប់អ្នកមានជំងឺក្រពះ ឬអាស៊ីតក្រពះឡើង គួរជៀសវាងការញ៉ាំពេលពោះទទេ។
ផ្លែក្រូចគ្រប់ប្រភេទ រួមទាំងក្រូចថ្លុង មានអាស៊ីតស៊ីទ្រីកខ្ពស់ ដែលអាចធ្វើឱ្យក្រពះរលាក ឈឺចុក ឬចង់ក្អួតនៅពេលគ្មានអាហារក្នុងក្រពះ។
ចេកជាផ្លែឈើមានប្រយោជន៍ ប៉ុន្តែការញ៉ាំចេកតែមួយមុខពេលពោះទទេ អាចបង្កឱ្យមនុស្សមួយចំនួនមានអារម្មណ៍ហើមពោះ ពោះតឹងណែន ឬមិនស្រួលក្នុងពោះ ដោយសារជាតិស្ករ និងជាតិសរសៃខ្ពស់។
ផ្លែគូលែនក៏គួរប្រុងប្រយ័ត្នផងដែរ ព្រោះការញ៉ាំច្រើនពេលឃ្លានខ្លាំង អាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម បណ្តាលឱ្យវិលមុខ អស់កម្លាំង ញ័រដៃ ឬខ្សោយខ្លាំងនៅមនុស្សមួយចំនួន។
ជាទូទៅ ដើម្បីថែរក្សាសុខភាពក្រពះ គួរញ៉ាំផ្លែឈើបន្ទាប់ពីអាហារ ឬញ៉ាំជាមួយអាហារផ្សេងៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីអាស៊ីត។ អ្នកដែលមានជំងឺក្រពះ អាស៊ីតច្រាល ឬបញ្ហារំលាយអាហារ គួរប្រុងប្រយ័ត្នជាងមនុស្សទូទៅ៕