នៅពេលអ្នកក្លាយជាឪពុកម្ដាយ នោះអ្នកត្រូវមានទំនួលខុសត្រូវខ្ពស់បំផុតចំពោះអនាគតកូន។ ឪពុកម្ដាយសឹងតែគ្រប់រូបទៅហើយដែលចង់ឲ្យកូនរបស់ពួកគេក្លាយទៅជា មនុស្សល្អ ស្មោះត្រង់ ចេះគោរពអាណិត និងមានភាពក្លាហាន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែគុណសម្បត្តិទាំងអស់នេះមិនអាចលេចឡើងដោយឯកឯងឡើយ ប្រសិនបើអ្នកដែលជាឪពុកម្ដាយមិនធ្វើជាគំរូ ផ្ដល់ឧទាហរណ៍ជាក់ស្ដែង ឬបង្រៀនដល់កូនៗរបស់ខ្លួន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh រឿងសំខាន់ៗចំនួន ១០ ដែលអ្នកគួរបង្ហាត់បង្ហាញឱ្យកូនបានដឹងនៅពេលពួកគេឈានចូលដល់អាយុ ១០ ឆ្នាំ ៖
១. កូនត្រូវចេះគោរពឲ្យតម្លៃស្មើគ្នាចំពោះទាំងមនុស្សប្រុស និងស្រី
ការគោរពអ្នកដទៃ គឺជាលក្ខណៈពិសេសមួយដែលកូនរបស់អ្នកគួរតែទទួលបាន រួមទាំងការចេះគោរពមិនឈ្លើយដាក់ក្មេងៗដទៃទៀតដែលមានវ័យប្រហាក់ប្រហែល ឬស្មើនឹងពួកគេ ដោយមិនគិតពីភេទថាតើជាប្រុស ឬស្រីឡើយ។
២. កុំខ្លាចនឹងបង្កើតកំហុស
ការរៀនយល់ពីកំហុសរបស់នរណាម្នាក់ គឺជាទេពកោសល្យដ៏កម្រមួយ។ ហើយវាក៏ជារឿងសំខាន់ដែលត្រូវរៀនសូត្រពីភាពបរាជ័យ ឬកំហុសរបស់ខ្លួនឯងផងដែរ។ កូនរបស់អ្នកមិនគួរខ្លាចនឹង ភាពបរាជ័យ ឬបង្កើតកំហុសណាមួយឡើយ។ អ្វីដែលសំខាន់ គឺអ្នកដែលជាឪពុកម្ដាយត្រូវព្យាយាមណែនាំឱ្យពួកគេព្រមទទួលស្គាល់កំហុស និងចេះកែប្រែវិញ។
៣. ចំណេះដឹង គឺសំខាន់ជាងចំណាត់ថ្នាក់
ជួនកាលឪពុកម្ដាយមួយចំនួនបែរទៅជាខឹងកូនខ្លាំង នៅពេលពួកគេទទួលបានចំណាត់ថ្នាក់មិនដូចនឹងការរំពឹងទុក។ ប៉ុន្តែ ចំណាត់ថ្នាក់ល្អ គឺមិនតែងសំដៅបញ្ចាក់ថាមានចំណេះដឹងប្រសើរឡើយ។ ដូច្នេះអ្នកគួរបង្រៀនកូនថា ចំណេះដឹងរបស់ពួកគេ គឺសំខាន់ជាងចំណាត់ថ្នាក់ទៅទៀត។
៤. ឪពុកម្ដាយមិនមែនជាសត្រូវរបស់កូនឡើយ កូនអាចសុំជំនួយពីពួកយើងបាន
ពិតណាស់ ការធ្វើជាមិត្តជាមួយនឹងកូន គឺមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសប្រសិន
បើពួកគេមានមិត្តផ្ទាល់ខ្លួនរួចទៅហើយ។ ដូច្នេះកុំបង្ខំពេក! គួរព្យាយាមបង្ហាញឲ្យកូនបានឃើញជាមុនសិនថា អ្នកគួរឱ្យទុកចិត្តបាន ហើយជៀសឱ្យផុតពីការស្រែកសំឡុតដាក់កូននិងស្ដីប្រដៅយូរ។
៥. ចេះការពាររក្សាជំហដោយខ្លួនឯង
ឪពុកម្ដាយមួយចំនួនបង្ហាញការគោរពចំពោះលោកគ្រូ-អ្នកគ្រូ ឬអ្នកដទៃច្រើនជាងកូនរបស់ខ្លួនឯង។ នេះអាចជាមូលហេតុមួយដែលប៉ះពាល់ដល់សមត្ថភាពក្នុងការរក្សាជំហរ ឬការពារខ្លួនឯងរបស់ក្មេង។ ដូច្នេះអ្នកគួរតែព្យាយាមពន្យល់កូនថា ការគោរព គឺមានសំខាន់ ណាស់ ប៉ុន្តែសមត្ថភាពក្នុងការរក្សាជំហរ ឬការពារខ្លួនឯងក៏ចាំបាច់ខ្លាំងដូចគ្នា។ គ្រាន់តែប្រាកដថា អ្វីដែលកូនការពារអះអាងនោះ គឺត្រឹមត្រូវ។
៦. កុំធ្វើអ្វីដែលកូនមិនចូលចិត្ត ដើម្បីទទួលបានការពេញចិត្ត ឬសរសើរពីនរណាម្នាក់
ក្មេងៗគិតថា ភាពល្បីល្បាញក្នុងចំណោមមិត្តភក្តិ គឺសំខាន់ណាស់ ដូច្នេះទើបពួកគេប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានវា។ ចូរប្រើឧទាហរណ៍ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីបង្ហាញដល់កូនឱ្យគេដឹង ការធ្វើជាមនុស្សស្មោះត្រង់ និងគួរឱ្យគោរព គឺមានតម្លៃជាងការទទួលបានការពេញចិត្តពីនរណាម្នាក់តាមរយៈការធ្វើអ្វីដែលមិនចង់ ឬក្បត់មនសិកាខ្លួនឯង។
៧. ប្រសិនបើកូនមិនយល់ ត្រូវហ៊ានសួរ
ការសួរសំនួរ គឺរឿងធម្មតាណាស់។ ការហ៊ានសួរសំណួរ គឺតែងប្រសើរជាងការក្លែងធ្វើជាយល់គ្រប់យ៉ាង។ កុមារភាព គឺជាវ័យដ៏ល្អបំផុតដើម្បីយល់ដឹងអំពីចំណុចនេះ។
៨. ប្រាប់គ្រូរបស់កូន ប្រសិនបើកូនមិនស្រួលខ្លួន
ក្មេងៗមិនគួរខ្លាចនឹងនិយាយអំពីបញ្ហាសុខភាពរបស់ពួកគេឡើយ។ សុខភាព គឺសំខាន់ជាងបញ្ហាចំណាត់ថ្នាក់ ឬកំហឹងរបស់គ្រូ ទៅទៀត។ ត្រូវប្រាកដថា កូនរបស់អ្នកដឹងច្បាស់អំពីរឿងនេះ។
៩. ត្រូវចេះស្រឡាញ់បរិស្ថាន
បរិស្ថានល្អ គឺចាប់ផ្ដើមចេញពីយើងគ្រប់គ្នា ហើយឪពុកម្ដាយ គឺជាគំរូរបស់កូនក្នុងការគោរពឲ្យតម្លៃ និងបង្ហាញឱ្យដឹងពីសារៈសំខាន់នៃបរិស្ថាន រួមទាំងការចូលរួមការពារតាមគ្រប់រូបភាព។
១០. ត្រូវចេះបដិសេធ ឬនិយាយថា “ទេ”
បង្រៀនឲ្យកូនរបស់អ្នកហ៊ាននិយាយថា “ទេ” ទៅកាន់អ្នកដទៃ និងសូម្បីតែអ្នកដែលជាឪពុកម្ដាយរបស់ពួកគេផ្ទាល់។ អ្នកគួរចិញ្ចឹមកូនដោយបណ្ដុះនូវបុគ្គលិកលក្ខណៈរឹងមាំក្លាហានរបស់ពួកគេ មិនមែនបង្រៀនឲ្យចេះតែស្ដាប់តាមការបង្គាប់បញ្ជាគ្រប់យ៉ាងឡើយ! ការហ៊ានបដិសេធ ឬនិយាយថា “ទេ” នឹងមានប្រយោជន៍ណាស់ នៅពេលដែលពួកគេឈានដល់ជីវិតជាមនុស្សពេញវ័យ៕