មនុស្សជាច្រើនចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់លើផលិតផលថែរក្សាសម្រស់ថ្លៃៗ ប៉ុន្តែបែរជាមើលរំលង «ទម្លាប់សាមញ្ញ» ដែលជាគ្រឹះពិតប្រាកដក្នុងការបង្កើតកោសិកាស្បែកក្មេងជាងវ័យ ។ ស្បែកដែលចាំ មានសំណើម និងភ្លឺថ្លាចេញពីខាងក្នុង មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាជាផលប្រយោជន៍បានមកពី ការថែទាំបែបវិទ្យាសាស្ត្រទាំងពីខាងក្នុង និងខាងក្រៅ។
ប្រសិនបើអ្នកចង់ពន្យារភាពចាស់ និងរក្សាស្បែកមុខឱ្យនៅតែក្មេងជាងវ័យ ចាប់ផ្តើមអនុវត្តទម្លាប់មាសទាំង ៣ នេះភ្លាមៗ៖
១. លាប «ឡេការពារកម្ដៅថ្ងៃ» ជាប្រចាំ
កាំរស្មីយូវី (UV Rays) ពីពន្លឺព្រះអាទិត្យ គឺជាសត្រូវលេខ១ ដែលបំផ្លាញកូឡាជែន (Collagen) ក្នុងស្បែក បង្កឱ្យកើតស្នាមជ្រីវជ្រួញ, ស្ទាក់ជាំ, ផ្ទាំងខ្មៅ និងធ្វើឱ្យស្បែកយារធ្លាក់មុនអាយុរហូតដល់ទៅ ៨០%!
អ្វីដែលត្រូវធ្វើ៖ លាបឡេការពារកម្ដៅថ្ងៃដែលមាន SPF 30+ និង PA+++ ឡើងទៅ ជារៀងរាល់ថ្ងៃ ទោះបីជាអ្នកនៅក្នុងផ្ទះ ឬមេឃស្រទំក៏ដោយ ។ នេះជា «អាវក្រោះការពារស្បែក» ដ៏មានឥទ្ធិពលបំផុតដែលគ្មានសេរ៉ូម ឬគ្រីមថ្លៃៗណាអាចជំនួសបានឡើយ។
២. គេងឱ្យស្កប់ និងផ្ដល់សំណើមពីខាងក្នុង
នៅពេលអ្នកគេងលក់ស្កប់ស្កល់ (Deep Sleep) រាងកាយនឹងបញ្ចេញ Growth Hormone ដើម្បីជួសជុល និងបង្កើតកោសិកាស្បែកថ្មីៗ។ ផ្ទុយទៅវិញ ការគេងអត់ងងុយ ឬស្ដ្រេស នឹងបង្កើនហូម៉ូន Cortisol ដែលទៅបំផ្លាញកូឡាជែន ធ្វើឱ្យស្បែកស្រអាប់ យារធ្លាក់ និងមានរង្វង់ខ្មៅក្រោមភ្នែក។
អ្វីដែលត្រូវធ្វើ៖ គេងឱ្យបាន ៧ ទៅ ៨ ម៉ោងជារៀងរាល់យប់ និងពិសារទឹកស្អាតឱ្យបាន ២ ទៅ២.៥ លីត្រ ជាប្រចាំពេញមួយថ្ងៃ ដើម្បីរក្សាសំណើមស្បែកពីខាងក្នុង និងបណ្តេញជាតិពុលចេញពីរាងកាយ។
៣. «កាត់បន្ថយស្ករ» និងបំពេញសារធាតុប្រឆាំងអុកស៊ីតកម្ម
ការញ៉ាំស្ករច្រើនពេក បង្កឱ្យកើតប្រតិកម្មគីមីម្យ៉ាងហៅថា Glycation ដែលធ្វើឱ្យសរសៃកូឡាជែន និងអេឡាស្ទីន (Elastin) ក្នុងស្បែកឡើងរឹង ស្រុត និងបាត់បង់ភាពយឺតហត នាំឱ្យស្បែកឆាប់ជ្រួញខ្លាំង។
អ្វីដែលត្រូវធ្វើ៖ កាត់បន្ថយភេសជ្ជៈផ្អែមៗ បង្អែម និងអាហារកែច្នៃ។ ជំនួសមកវិញនូវការញ៉ាំ បន្លែបៃតង ផ្លែឈើមានវីតាមីន C ខ្ពស់ (ដូចជា ក្រូច, ប៊្លូប៊ែរី) និងគ្រាប់ធញ្ញជាតិ ដែលជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants) ជួយពន្យារភាពចាស់នៃកោសិកា។