នៅពេលនិយាយអំពីអាហារសុខភាព យើងភាគច្រើនតែងតែមើលលើស្លាកសញ្ញា «Healthy», «Organic» ឬ «Low-Fat»។ ប៉ុន្តែ ការពិតដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ អាហារមួយចំនួនដែលយើងជឿថាជួយដល់រាងកាយ បែរជាលាក់បាំងនូវសារធាតុបង្ក «ការរលាករ៉ាំរ៉ៃ» (Chronic Inflammation) ទៅវិញ។ ការរលាករ៉ាំរ៉ៃនេះហើយ ជាឫសគល់នៃជំងឺឈឺសន្លាក់, ជំងឺបេះដូង, ឡើងទម្ងន់ខុសធម្មតា, និងឆាប់ចាស់ជាងវ័យ!
តើមានអាហារអ្វីខ្លះដែលបោកប្រាស់ភ្នែកយើង?
១. ទឹកផ្លែឈើប្រអប់ ឬទឹកផ្លែឈើក្រឡុកស្រស់
មនុស្សជាច្រើនគិតថាការផឹកទឹកផ្លែឈើជាជម្រើសល្អជាងទឹកក្រូចឆ្មារកំប៉ុង។
ការពិត៖ នៅពេលផ្លែឈើត្រូវគេកិន ឬចម្រាញ់យកតែទឹក ជាតិសរសៃ (Fiber) ដ៏មានប្រយោជន៍ត្រូវបានបាត់បង់ទាំងស្រុង បន្សល់ទុកតែ ស្ករហ្វ្រុកតូស (Fructose) ក្នុងកម្រិតខ្ពស់។ ការបឺតស្រូបស្ករយ៉ាងលឿនចូលទៅក្នុងឈាម ធ្វើឱ្យអាំងស៊ុយលីនឡើងកើនឡើងភ្លាមៗ បង្កឱ្យមានការរលាកនៅក្នុងថ្លើម និងសរសៃឈាម។
២. យ៉ាអួដែលមានឱជារសផ្សេងៗ
យ៉ាអួធម្មជាតិ (Plain/Greek Yoghurt) គឺពិតជាល្អចំពោះពោះវៀន ប៉ុន្តែប្រភេទយ៉ាអួដែលមានបន្ថែមរសជាតិផ្លែឈើ, សូកូឡា, ឬស្ត្រប៊ែរី នៅក្នុងផ្សារទំនើប គឺជាអន្ទាក់។
ការពិត៖ យ៉ាអួមានរសជាតិមួយក្រឡុកតូច អាចមានផ្ទុកស្កររហូតដល់ទៅ ២០ ទៅ ៣០ ក្រាម (ស្មើនឹងស្ករក្នុងកំប៉ុងកូកាកូឡា)! ស្ករច្រើនលើសលប់នេះ នឹងទៅបំផ្លាញបាក់តេរីល្អក្នុងពោះវៀន បង្កឱ្យកើតការរលាកក្នុងប្រព័ន្ធរំលាយអាហារយ៉ាងធ្ងន់ធ្ធរ។
៣. នំប៉័ងស្រូវសាឡី និងគ្រាប់ធញ្ញជាតិអាហារពេលព្រឹក
អាហារប្រភេទនេះត្រូវបានគេផ្សព្វផ្សាយថាជាអាហារថាមពល និងល្អសម្រាប់បេះដូង។
ការពិត៖ នំប៉័ង Whole Wheat ភាគច្រើននៅលើទីផ្សារ នៅតែត្រូវបានកែច្នៃយ៉ាងម៉ត់ និងមានបន្ថែមស្ករ ឬប្រេងរុក្ខជាតិ។ លើសពីនេះ វាមានផ្ទុក គ្លុយតែន (Gluten) និងសារធាតុ Phytates ដែលអាចធ្វើឱ្យមនុស្សមួយចំនួនមានប្រតិកម្មរលាកពោះវៀន, ចុកពោះ និងហើមពោះដោយមិនដឹងខ្លួន។
៤. ប្រេងរុក្ខជាតិសម្រាប់ឆា/បំពង
ប្រេងសណ្តែកសៀង, ប្រេងពោត, និងប្រេងផ្កាឈូករ័ត្ន តែងតែត្រូវគេប្រាប់ថា «គ្មានកូលេស្តេរ៉ូល» និងល្អសម្រាប់ចម្អិនអាហារ។
ការពិត៖ ប្រេងប្រភេទនេះមានផ្ទុក អាស៊ីតខ្លាញ់អូមេហ្គា-៦ (Omega-6) ខ្ពស់ខ្លាំង។ ប្រសិនបើរាងកាយទទួលបាន អូមេហ្គា-៦ ច្រើនពេក (ដោយគ្មានតុល្យភាពជាមួយ អូមេហ្គា-៣) វានឹងជម្រុញឱ្យរាងកាយបង្កើតសារធាតុគីមីរលាក និងបង្កការខូចខាតដល់កោសិកាសរសៃឈាម។