យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលឈានចូលវ័យ ៣០ ឬ ៤០ ឆ្នាំ បុរសជាច្រើនអាចមានអារម្មណ៍ថា រាងកាយមិនរឹងមាំដូចមុន ថាមពលថយចុះ និងសមត្ថភាពរាងកាយប្រែប្រួល។ មូលហេតុមួយអាចពាក់ព័ន្ធនឹងការថយចុះនៃអ័រម៉ូនភេទប្រុស ឬ តេស្ដេរ៉ូន ដែលជាដំណើរការធម្មជាតិ ប៉ុន្តែគួរយល់ដឹងដើម្បីថែរក្សាសុខភាពបានល្អ។
សញ្ញាដែលអាចបង្ហាញថាអ័រម៉ូនភេទប្រុសចាប់ផ្តើមថយចុះ រួមមាន ការថយចុះចំណង់ផ្លូវភេទ ការបាត់បង់កម្លាំងសាច់ដុំ ទោះបីហាត់ប្រាណជាប្រចាំក៏ដោយ និងការឡើងខ្លាញ់តំបន់ពោះលឿនជាងមុន ដោយសារប្រព័ន្ធដុតបំផ្លាញថាមពលធ្លាក់ចុះ។
បន្ថែមពីនេះ អ្នកខ្លះអាចមានអារម្មណ៍ប្រែប្រួល ងាយខឹង ខ្វះទំនុកចិត្ត អស់កម្លាំងរ៉ាំរ៉ៃ ទោះគេងគ្រប់គ្រាន់ក៏នៅតែមានអារម្មណ៍ថាគ្មានកម្លាំង។ បញ្ហាគេងមិនលក់ គេងមិនគ្រប់គ្រាន់ ឬភ្ញាក់ញឹកញាប់នៅពេលយប់ ក៏អាចកើតឡើងជាមួយនឹងភាពមិនសមតុល្យនៃអ័រម៉ូនផងដែរ។
សញ្ញាមួយទៀតគឺការថយចុះសមត្ថភាពផ្តោតអារម្មណ៍ ងាយភ្លេច និងមានអារម្មណ៍ថាការគិតមិនរហ័សដូចមុន ដែលអាចពាក់ព័ន្ធនឹងឥទ្ធិពលរបស់អ័រម៉ូនទៅលើប្រព័ន្ធប្រសាទ និងខួរក្បាល។
អ្នកជំនាញណែនាំថា បុរសគួរថែរក្សារបៀបរស់នៅដែលមានសុខភាពល្អ ដូចជា ហាត់ប្រាណទៀងទាត់ ទទួលទានអាហារមានប្រយោជន៍ គេងឱ្យបានគ្រប់គ្រាន់ និងគ្រប់គ្រងភាពតានតឹង។ ប្រសិនបើមានរោគសញ្ញាច្រើនកើតឡើងជាប់ៗគ្នា និងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីពិនិត្យរកមូលហេតុឱ្យបានច្បាស់៕