យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកដូងជាភេសជ្ជៈធម្មជាតិដែលពេញនិយមសម្រាប់អ្នកស្រឡាញ់សុខភាព ព្រោះមានរសជាតិផ្អែមស្រស់ និងផ្ទុកសារធាតុរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម សូដ្យូមបន្តិច និងជាតិស្ករធម្មជាតិ ដែលអាចជួយរក្សាតុល្យភាពជាតិទឹក និងគាំទ្រការធ្វើការរបស់សាច់ដុំ។
ការផឹកទឹកដូងមុនហាត់ប្រាណអាចជួយបំពេញជាតិទឹកក្នុងរាងកាយ កាត់បន្ថយហានិភ័យនៃការអស់កម្លាំង វិលមុខ និងការខ្វះជាតិទឹក។ ប៉ូតាស្យូមក្នុងទឹកដូងក៏មានតួនាទីជួយដល់សកម្មភាពសាច់ដុំ និងប្រព័ន្ធប្រសាទ ហើយអាចជួយកាត់បន្ថយការកន្ត្រាក់សាច់ដុំក្នុងមនុស្សមួយចំនួន។
ក្រៅពីនេះ ជាតិស្ករធម្មជាតិក្នុងទឹកដូងអាចផ្តល់ថាមពលឆាប់រហ័ស មិនធ្វើឱ្យពោះធ្ងន់ដូចការញ៉ាំអាហារច្រើនមុនហាត់ប្រាណទេ ហើយរសជាតិផ្អែមធម្មជាតិក៏ធ្វើឱ្យងាយផឹកទឹកបានគ្រប់គ្រាន់។
អ្នកជំនាញណែនាំឱ្យផឹកទឹកដូងប្រហែល ៣០-៦០នាទីមុនហាត់ប្រាណ ក្នុងបរិមាណប្រហែល ១កែវ ឬ ២០០-៥០០មិល្លីលីត្រ ដើម្បីឱ្យរាងកាយមានពេលស្រូបយកសារធាតុចិញ្ចឹមបានល្អ។
ទោះជាយ៉ាងណា មិនគួរផឹកច្រើនពេកភ្លាមៗមុនហាត់ប្រាណ ព្រោះអាចបង្កឱ្យពោះពេញ ឬមិនស្រួលខ្លួន។ អ្នកដែលត្រូវគ្រប់គ្រងជាតិស្ករក្នុងឈាមក៏គួរប្រុងប្រយ័ត្ន ព្រោះទឹកដូងមានជាតិស្ករធម្មជាតិ។ សម្រាប់ការហាត់ប្រាណខ្លាំងជាង ៩០នាទី ភេសជ្ជៈបំពេញអំបិលរ៉ែសម្រាប់កីឡាអាចសមស្របជាង ដោយសារមានសូដ្យូមជួយជំនួសជាតិដែលបាត់បង់តាមញើស។
សរុបមក ការផឹកទឹកដូងមុនហាត់ប្រាណអាចជាជម្រើសល្អសម្រាប់មនុស្សទូទៅ ព្រោះជួយបំពេញជាតិទឹក បន្ថែមរ៉ែ និងផ្តល់ថាមពលដល់រាងកាយ។ ប៉ុន្តែគួរផឹកក្នុងបរិមាណសមរម្យ និងមានចន្លោះពេលមុនចាប់ផ្តើមហាត់ប្រាណ ដើម្បីទទួលបានប្រយោជន៍ល្អបំផុត៕