យោងតាមការចុះផ្សាយពីប្រភពបរទេស ចេកជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹម មានប៉ូតាស្យូម ម៉ាញេស្យូម ជាតិសរសៃ និងស្ករធម្មជាតិ ដែលល្អសម្រាប់មនុស្សទូទៅ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលមានជំងឺជាក់លាក់ ការញ៉ាំចេកច្រើនពេកអាចធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។
អ្នកមានជំងឺក្រពះ និងប្រព័ន្ធរំលាយអាហារ គួរប្រុងប្រយ័ត្ន ព្រោះជាតិសរសៃ និងស្ករធម្មជាតិក្នុងចេកអាចបង្កឱ្យមានខ្យល់ក្នុងពោះ ហើមពោះ ឬឈឺពោះ ជាពិសេសចេកមិនទាន់ទុំឬចេកខ្ចីដែលមានជាតិម្សៅពិបាករំលាយ។
អ្នកជំងឺតម្រងនោមគួរជៀសវាងការញ៉ាំចេកច្រើន ដោយសារចេកមានប៉ូតាស្យូមខ្ពស់។ នៅពេលតម្រងនោមដំណើរការមិនល្អ រាងកាយអាចមិនអាចបញ្ចេញប៉ូតាស្យូមបានគ្រប់គ្រាន់ ដែលអាចបង្កបញ្ហាចង្វាក់បេះដូង និងគ្រោះថ្នាក់ដល់សុខភាព។
អ្នកដែលប្រើថ្នាំបញ្ចុះសម្ពាធឈាមមួយចំនួន ក៏គួរពិគ្រោះជាមួយគ្រូពេទ្យមុនទទួលទានចេកក្នុងបរិមាណច្រើន ព្រោះថ្នាំខ្លះអាចធ្វើឱ្យកម្រិតប៉ូតាស្យូមក្នុងឈាមកើនឡើងបន្ថែម។
សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម និងអ្នកមានទម្ងន់លើស ក៏ត្រូវគ្រប់គ្រងបរិមាណចេកដែលញ៉ាំផងដែរ ព្រោះចេកទុំមានជាតិស្ករ និងកាបូអ៊ីដ្រាតខ្ពស់ អាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ ឬបង្កឱ្យទទួលថាមពលលើសតម្រូវការ។
ទោះជាយ៉ាងណា សម្រាប់មនុស្សដែលមានសុខភាពល្អ ចេកនៅតែជាផ្លែឈើមានប្រយោជន៍ ប្រសិនបើញ៉ាំក្នុងបរិមាណសមរម្យ។ គួរជៀសវាងញ៉ាំចេកច្រើនពេកពេលពោះទទេ ប្រសិនបើងាយមានបញ្ហារំលាយអាហារ ហើយគួររក្សារបបអាហារឱ្យមានតុល្យភាព ដើម្បីទទួលបានអត្ថប្រយោជន៍ពីផ្លែឈើនេះដោយសុវត្ថិភាព៕