យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រោយពេលច្របាច់យកទឹកក្រូចឆ្មាររួច មនុស្សជាច្រើនតែងបោះសំបកក្រូចឆ្មារចោលភ្លាមៗ ដោយមិនដឹងថាវាអាចយកមកប្រើប្រាស់បានច្រើនយ៉ាង។ សំបកក្រូចឆ្មារមានសារធាតុធម្មជាតិដែលអាចជួយសម្អាត កាត់បន្ថយក្លិនមិនល្អ និងជួយថែរក្សាផ្ទះបានយ៉ាងមានប្រសិទ្ធភាព។
សំបកក្រូចឆ្មារអាចយកមកជូតសម្អាតខ្ទះ ឬឆ្នាំងដែលមានជាតិខ្លាញ់ជាប់ ដោយផ្សំជាមួយអំបិលបន្តិច ដើម្បីជួយឱ្យស្នាមកខ្វក់រលាយលឿនរហ័ស។ វាក៏អាចប្រើសម្អាតមីក្រូវ៉េវ ដោយដាក់សំបកក្រូចឆ្មារជាមួយទឹក រួចកម្តៅឱ្យចំហាយទឹកជួយបំបាត់ក្លិន និងស្នាមប្រឡាក់ខាងក្នុង។
ក្រៅពីនេះ សំបកក្រូចឆ្មារក៏អាចជួយបំបាត់ក្លិនត្រី ខ្ទឹម ឬអាហារដែលជាប់ដៃ ដោយយកមកត្រដុសលើដៃ និងក្រចក។ ក្លិនស្រស់របស់វាក៏អាចជួយរំខានសត្វល្អិតតូចៗ ដូចជាស្រមោច នៅតាមកន្លែងខ្លះក្នុងផ្ទះផងដែរ។
សម្រាប់ការសម្អាតបន្ទប់ទឹក សំបកក្រូចឆ្មារអាចយកមកជូតកញ្ចក់ ឬក្បាលម៉ាស៊ីនទឹក ដើម្បីជួយកាត់បន្ថយស្នាមកំបោរ និងស្នាមទឹក ដោយសារអាស៊ីតធម្មជាតិស្រាលនៅក្នុងក្រូចឆ្មារ។
ទោះជាយ៉ាងណា គួរប្រើដោយប្រុងប្រយ័ត្ន ជាពិសេសលើផ្ទៃដែលងាយខូច ឬស្បែកដែលងាយប្រតិកម្ម។ ការយកសំបកក្រូចឆ្មារមកប្រើប្រាស់ឡើងវិញ មិនត្រឹមតែជួយសន្សំសំចៃទេ ប៉ុន្តែថែមទាំងកាត់បន្ថយសំណល់ក្នុងផ្ទះ និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រយោជន៍ផងដែរ៕