យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនអាចមានអារម្មណ៍ថា ទោះបីគេងបានគ្រប់គ្រាន់ក៏ដោយ ក៏នៅតែឆាប់ងងុយគេង ខ្វះថាមពល និងអស់កម្លាំងនៅពេលថ្ងៃ។ ក្រៅពីការគេងមិនគ្រប់ អាហារដែលទទួលទានរាល់ថ្ងៃក៏អាចជាកត្តាមួយដែលប៉ះពាល់ដល់កម្រិតថាមពលរបស់រាងកាយផងដែរ។
អាហារមួយចំនួនអាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់ និងធ្លាក់ចុះលឿន ឬមានសារធាតុជួយឱ្យរាងកាយសម្រាក ដែលអាចបណ្តាលឱ្យមានអារម្មណ៍ងងុយគេង និងអស់កម្លាំង។
ក្នុងចំណោមអាហារទាំងនោះ មានកាហ្វេ ដែលទោះជាជួយឱ្យភ្ញាក់ស្វាងក៏ដោយ ប៉ុន្តែបើផឹកពេលពោះទទេ ឬផឹកច្រើនពេក អាចធ្វើឱ្យអស់កម្លាំងនៅពេលឥទ្ធិពលកាហ្វេអ៊ីនថយចុះ។ ចេក សូកូឡា ទឹកដោះគោ និងយ៉ាអួ ក៏អាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍ស្ងប់ស្ងាត់ និងងងុយគេង ដោយសារមានសារធាតុជួយឱ្យរាងកាយសម្រាក។
ជាមួយគ្នានេះ អាហារដូចជា នំប៉័ងប៊ឺ នំប៉័ងស អង្ករស និងអាហារផ្អែម អាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងលឿន ហើយធ្លាក់ចុះវិញ ដែលបង្កឱ្យមានអារម្មណ៍នឿយហត់ ខ្វះកម្លាំង និងពិបាកផ្តោតអារម្មណ៍។ ចំណែកគ្រាប់ធញ្ញជាតិ បើទទួលទានច្រើនពេក អាចធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការខ្លាំង និងបង្កអារម្មណ៍ធ្ងន់ខ្លួន។
ទោះយ៉ាងណា អាការៈងងុយគេងញឹកញាប់មិនមែនមានមូលហេតុពីអាហារតែមួយទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងការគេងមិនគ្រប់ ភាពតានតឹង ឬបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះ គួររៀបចំរបបអាហារឱ្យមានតុល្យភាព ផឹកទឹកគ្រប់គ្រាន់ និងថែរក្សាការគេងឱ្យបានល្អ ដើម្បីជួយឱ្យរាងកាយមានថាមពល និងស្រស់ស្រាយពេញមួយថ្ងៃ៕