យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងសង្ស័យថា ហេតុអ្វីបានជាទឹកសុទ្ធដាក់ដបមានកាលបរិច្ឆេទផុតកំណត់ ទាំងទឹកមិនងាយខូចដូចអាហារ។ តាមសមាគមអ្នកផលិតទឹកដបអន្តរជាតិ (IBWA) និងរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក (FDA) បានបញ្ជាក់ថា ទឹកសុទ្ធដែលផលិតតាមស្តង់ដា មិនមានថ្ងៃផុតកំណត់ដោយខ្លួនវាទេ។
កាលបរិច្ឆេទដែលបោះពុម្ពលើដប គឺសម្រាប់គ្រប់គ្រងគុណភាពសម្បកដបប្លាស្ទិក និងការគ្រប់គ្រងស្តុករបស់ក្រុមហ៊ុនផលិត។ ហានិភ័យពិតប្រាកដគឺការទុកដបនៅកន្លែងក្តៅ ឬក្រោមពន្លឺថ្ងៃយូរ ដែលអាចធ្វើឱ្យសារធាតុពីប្លាស្ទិកជ្រាបចូលក្នុងទឹក ឬប៉ះពាល់ដល់គុណភាពទឹក។
អ្នកជំនាញណែនាំឱ្យរក្សាទុកទឹកដបនៅកន្លែងត្រជាក់ ស្ងួត មានខ្យល់ចេញចូលល្អ ជៀសវាងពន្លឺថ្ងៃដោយផ្ទាល់ និងកុំដាក់ទុកជិតសារធាតុគីមី។ មុនពេលផឹក គួរពិនិត្យមើលថា ទឹកនៅថ្លា គ្មានកករ និងគ្មានក្លិនចម្លែក ដើម្បីធានាសុវត្ថិភាព៕