យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រៅពីការប្រើថ្នាំបំបាត់ការឈឺចាប់ និងការស្អំទឹកក្តៅ អាហារក៏អាចជួយសម្រាលអាការៈឈឺពោះពេលមករដូវបានដែរ។
ចេកសម្បូរវីតាមីន B6 និងប៉ូតាស្យូម ជួយបន្ថយការកន្ត្រាក់សាច់ដុំស្បូន ខណៈត្រីសាលម៉ុនដែលសម្បូរអូមេហ្គា-៣ ជួយកាត់បន្ថយការរលាក។ ភេសជ្ជៈក្តៅៗ និងសូកូឡាខ្មៅដែលមានម៉ាញេស្យូម ក៏អាចជួយឱ្យសាច់ដុំធូរស្រាល និងលើកស្ទួយអារម្មណ៍បានផងដែរ។ រីឯបន្លែស្លឹកបៃតង ជួយបំពេញជាតិដែកដែលបាត់បង់អំឡុងពេលមករដូវ។
ផ្ទុយទៅវិញ គួរជៀសវាងអាហារប្រៃខ្លាំង អាហារចៀន ភេសជ្ជៈមានជាតិកាហ្វេអ៊ីនខ្ពស់ និងគ្រឿងស្រវឹង ព្រោះអាចធ្វើឱ្យរាងកាយហើម កើនការរលាក និងធ្វើឱ្យអាការៈឈឺពោះកាន់តែធ្ងន់ធ្ងរ៕