យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរត្រឹម ៣០ នាទីជារៀងរាល់ថ្ងៃ អាចជួយលើកកម្ពស់សុខភាពបានយ៉ាងមានប្រសិទ្ធភាព។ ទី១ ជួយពង្រឹងបេះដូង និងប្រព័ន្ធឈាម បន្ថយសម្ពាធឈាម និងកាត់បន្ថយហានិភ័យជំងឺបេះដូង ជាពិសេសបើដើរក្នុងល្បឿនលឿន។ ទី២ ជួយពង្រឹងសាច់ដុំ និងឆ្អឹង បង្កើនភាពរឹងមាំរបស់ឆ្អឹង និងធ្វើឱ្យសន្លាក់បត់បែនបានល្អ។ ទី៣ ជួយឱ្យខួរក្បាលស្រស់ស្រាយ បង្កើនការផ្តោតអារម្មណ៍ កាត់បន្ថយភាពតានតឹង និងអាចជួយបន្ថយហានិភ័យនៃការចុះខ្សោយមុខងារខួរក្បាលនៅវ័យចាស់។
ដើម្បីដើរប្រកបដោយសុវត្ថិភាព គួរកម្តៅសាច់ដុំមុនដើរ ពាក់ស្បែកជើងសមស្រប ផឹកទឹកឱ្យបានគ្រប់គ្រាន់ និងឈប់សម្រាកភ្លាមៗ ប្រសិនបើមានអាការៈវិលមុខ ឬមិនស្រួលខ្លួន៕