យោងតាមការចុះផ្សាយពីប្រភពបរទេស ការឈឺពោះខាងស្តាំអាចបណ្តាលមកពីមូលហេតុជាច្រើន ចាប់ពីបញ្ហារំលាយអាហារធម្មតា រហូតដល់ជំងឺដែលត្រូវការព្យាបាលបន្ទាន់។ ទីតាំងនៃការឈឺអាចជួយប៉ាន់ស្មានសរីរាង្គដែលកំពុងមានបញ្ហា។
ការឈឺក្រោមឆ្អឹងជំនីខាងស្តាំ អាចពាក់ព័ន្ធនឹងក្រួសក្នុងថង់ទឹកប្រមាត់ រលាកថង់ទឹកប្រមាត់ ជំងឺថ្លើម ឬរលាកលំពែង។ ចំណែកការឈឺផ្នែកខាងក្រោមស្តាំនៃពោះ ជាពិសេសឈឺកាន់តែខ្លាំង អមដោយក្តៅខ្លួន ចង្អោរ ឬបាត់បង់ចំណង់អាហារ អាចជាសញ្ញានៃជំងឺរលាកខ្នែងពោះវៀន។
រីឯការឈឺចង្កេះ ឬចំហៀងខាងស្តាំ អាចពាក់ព័ន្ធនឹងក្រួសក្នុងតម្រងនោម រលាកតម្រងនោម ឬជំងឺពោះវៀនធំ ខណៈស្ត្រីដែលឈឺពោះផ្នែកខាងក្រោមស្តាំ អាចទាក់ទងនឹងជំងឺរោគស្ត្រី ដូចជាដុំគីសក្រពេញអូវែ ឬរលាកបំពង់ស្បូន។
ប្រសិនបើឈឺពោះខ្លាំង ឈឺលើសពី ៦–១២ ម៉ោង មានក្តៅខ្លួន ក្អួតជាប់ៗ បត់ជើងមានឈាម ស្បែកឬភ្នែកឡើងលឿង ឬវិលមុខសន្លប់ គួរប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យទាន់ពេលវេលា៕