យោងតាមការចុះផ្សាយពីប្រភពបរទេស ការរលាកជាប្រតិកម្មធម្មជាតិរបស់រាងកាយក្នុងការការពារខ្លួន ប៉ុន្តែបើកើតឡើងរ៉ាំរ៉ៃអាចបង្កើនហានិភ័យជំងឺជាច្រើន ដូចជា ជំងឺបេះដូង ទឹកនោមផ្អែម ធាត់ និងជំងឺមហារីកមួយចំនួន។ ក្រៅពីការព្យាបាលតាមវេជ្ជបញ្ជា របបអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏អាចជួយគាំទ្រសុខភាពបានផងដែរ។
ក្នុងចំណោមអាហារដែលត្រូវបានគេចាត់ទុកថាមានប្រយោជន៍ មាន ខ្ទឹមស ដែលមានសារធាតុ Allicin ជួយប្រឆាំងបាក់តេរី ប្រឆាំងផ្សិត និងជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ខ្ញី មានសារធាតុ Gingerol និង Shogaol ដែលអាចជួយកាត់បន្ថយការរលាក និងការឈឺចាប់សាច់ដុំ។ ម្រះ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយភាពតានតឹងក្នុងកោសិកា។
ទោះជាយ៉ាងណា អ្នកជំនាញបញ្ជាក់ថា អាហារទាំងនេះគ្រាន់តែជួយគាំទ្រសុខភាព មិនអាចជំនួសថ្នាំព្យាបាលបានទេ។ ដើម្បីរក្សាប្រព័ន្ធភាពស៊ាំឱ្យរឹងមាំ គួររួមបញ្ចូលបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ អាហារធម្មជាតិ គេងឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ និងកាត់បន្ថយអាហារកែច្នៃ ស្ករច្រើន និងខ្លាញ់ឆ្អែត៕