យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកអាហារូបត្ថម្ភព្រមានថា ទម្លាប់ញ៉ាំអាហារមួយចំនួនអាចបង្កើនហានិភ័យបញ្ហាក្រពះ និងការរំលាយអាហារ ដូចជា ញ៉ាំលឿនពេក ញ៉ាំអាហារពេលយប់ជិតម៉ោងគេង និងផឹកទឹកច្រើនពេកពេលកំពុងញ៉ាំបាយ។
ការញ៉ាំអាហារខណៈពេលប្រើទូរស័ព្ទ ធ្វើការ ឬមានភាពតានតឹង អាចរំខានដល់ការបញ្ចេញអាស៊ីតក្រពះ និងអង់ស៊ីមរំលាយអាហារ។ ចំណែកការញ៉ាំលឿនដោយមិនទំពារឱ្យម៉ដ្ឋ ធ្វើឱ្យក្រពះត្រូវធ្វើការខ្លាំងជាងមុន និងអាចបណ្តាលឱ្យហើមពោះ ឈឺពោះ ឬរំលាយអាហារមិនល្អ។
ការញ៉ាំអាហារពេលយប់ជិតចូលគេង ឬដេកភ្លាមៗក្រោយញ៉ាំ អាចបង្កើនហានិភ័យអាស៊ីតក្រពះឡើងបំពង់អាហារ និងប៉ះពាល់ដល់គុណភាពដំណេក។
អ្នកជំនាញក៏ណែនាំថា ការផឹកទឹកច្រើនពេកក្នុងពេលញ៉ាំអាហារ អាចធ្វើឱ្យអាស៊ីតក្រពះត្រូវបានរំលាយ និងធ្វើឱ្យដំណើរការរំលាយអាហារថយចុះ។ គួរកំណត់បរិមាណទឹកក្នុងពេលញ៉ាំអាហារឱ្យសមស្រប។
ដើម្បីរក្សាសុខភាពក្រពះ គួរចំណាយពេលញ៉ាំអាហារ ២០-៣០នាទី ទំពារមួយមាត់ប្រហែល ២០-៥០ដង មិនរំលងអាហារពេលព្រឹក ជៀសវាងអាហារកែច្នៃ អាហារខ្លាញ់ ប្រៃ ហឹរ និងកាត់បន្ថយស្រា-បារី៕