វាជាការពិតដែលអ្នកមិនអាចព្យាបាលជំងឺរលាកសន្លាក់ឆ្អឹងឲ្យជាសះស្បើយតែម្ដងបាន ដោយគ្រាន់តែទទួលទានអាហារ ឬផ្លាស់ប្ដូររបបអាហារ ប៉ុន្តែទោះជាយ៉ាងណាអាហារមួយចំនួនមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយ រួមទាំងពង្រឹងប្រព័ន្ធភាពស៊ាំ និងឆ្អឹង គឺមានមែន! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារដ៏ល្អបំផុតដែលអ្នកគួរទទួលទានដើម្បីជួយសម្រាលស្ថានភាពឈឺចាប់នៃជំងឺនេះ ៖
១. ប្រូខូលី ឬផ្កាខាត់ណាខៀវ
មានផ្ទុកសម្បូរទៅដោយសមាសធាតុសំខាន់ រួមទាំងសារធាតុ sulforaphane ដែលជួយកាត់បន្ថយរោគសញ្ញានៃជំងឺរលាកសន្លាក់បានយ៉ាងប្រសើរ។
២. ផ្លែក្រូច
ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពជួយពង្រឹងសុខភាពឆ្អឹងខ្ចី និងទប់ស្កាត់ការរលាកសន្លាក់ឆ្អឹង ក៏ដូចជាជំងឺពុកឆ្អឹង។ ប្រសិនបើរាងកាយខ្វះនូវជាតិវីតាមីន C នោះអាចបណ្ដាលឲ្យកើតមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការលូតលាស់នៃឆ្អឹង, ឆ្អឹងខ្ចី និងធ្មេញ។
៣. ត្រីសម្បូរខ្លាញ់
រួមបញ្ចូលទាំងត្រីធូណា, ត្រីសាលម៉ុន, ត្រី mackerel និងត្រី trout មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយប្រយុទ្ធប្រឆាំងការរលាកក្នុងរាងកាយសំខាន់ណាស់សម្រាប់អ្នកជំងឺរលាកសន្លាក់។ អ្នកអាចបន្ថែមត្រីក្នុងរបបអាហារប្រចាំថ្ងៃ ២ ដងក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកមិនចូលចិត្តត្រី ចូរពិភាក្សាជាមួយគ្រូពេទ្យអំពីការទទួលទានថ្នាំគ្រាប់ជាតិអូមេហ្គា ៣។
៤. ខ្ទឹមស
ជាប្រភពដ៏ប្រសើរនៃសមាសធាតុម្យ៉ាងហៅថា diallyl disulfide ដែលជួយទប់ទល់នឹងជំងឺជាច្រើន រួមបញ្ចូលទាំងជំងឺរលាកសន្លាក់។
៥. តែបៃតង
មានផ្ទុកសម្បូរទៅដោយសារធាតុ polyphenols ដែលជួយកាត់បន្ថយការរលាក និងពន្យឺតការបំផ្លាញឆ្អឹងខ្ចី។ ប្រសិនបើអ្នកមានជំងឺរលាកសន្លាក់ អ្នកគួរទទួលទានតែបៃតងជាប្រចាំ ខណៈដែលភេសជ្ជៈនេះមានផ្ទុកនូវសារធាតុកម្ចាត់ប្រឆាំងការរលាក ដោយការរារាំងអង់ស៊ីមដើម្បីទប់ស្កាត់ការបាត់បង់ និងខូចខាតនៃឆ្អឹងខ្ចី។
៦. សណ្ដែកសៀង ឬតៅហ៊ូ
ប្រសិនបើអ្នកមិនចូលចិត្តញ៊ាំត្រីទេ អ្នកក៏នៅតែអាចទទួលបានអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធិភាពទប់ស្កាត់ និងកាត់បន្ថយអាការៈនៃការរលាកបានដែរតាមរយៈការទទួលទានសណ្ដែកសៀង ឬតៅហ៊ូ។ សណ្ដែកសៀង មានផ្ទុកជាតិខ្លាញ់ទាប ប៉ុន្តែជាតិសសៃ និងប្រូតេអ៊ីនខ្ពស់។ ដូច្នេះហើយទើបវាជាប្រភេទជម្រើសនៃអាហារដ៏ប្រសើរសម្រាប់អ្នកជំងឺរលាកសន្លាក់ឆ្អឹង ក៏ដូចជាជួយទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងផងដែរ៕