យោងតាមការចុះផ្សាយពីប្រភពបរទេស ចេកណាំវ៉ា ជាផ្លែឈើដែលងាយរកទិញ តម្លៃសមរម្យ និងសម្បូរជីវជាតិ ដែលមនុស្សជាច្រើនចូលចិត្តទទួលទានជាប្រចាំ។ វាអាចជួយសម្រួលប្រព័ន្ធរំលាយអាហារ កាត់បន្ថយបញ្ហាទល់លាមក និងផ្តល់ថាមពលដល់រាងកាយ។
ទោះជាយ៉ាងណា ទោះបីចេកណាំវ៉ាមានអត្ថប្រយោជន៍ច្រើនក៏ដោយ ការញ៉ាំច្រើនពេកអាចប៉ះពាល់ដល់សុខភាព ព្រោះវាមានជាតិស្ករ និងកាបូអ៊ីដ្រាតខ្ពស់។ អ្នកជំនាញណែនាំថា មនុស្សទូទៅគួរញ៉ាំប្រហែល ១ ទៅ ២ផ្លែក្នុងមួយថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុត ហើយមិនគួរលើសពី ៤ផ្លែក្នុងមួយថ្ងៃឡើយ ព្រោះអាចធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើង និងបង្កឱ្យជាតិស្ករលើសត្រូវបម្លែងទៅជាខ្លាញ់ស្តុកក្នុងរាងកាយ។
សម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ អាចញ៉ាំចេកណាំវ៉ា ១ផ្លែមុនពេលអាហារចម្បង ព្រោះវាមានជាតិសរសៃ និងជាតិស្ករធម្មជាតិ ដែលជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយការឃ្លានអាហារសម្រន់ និងជួយឱ្យញ៉ាំអាហារតិចជាងមុន។
ក្រៅពីជួយថែរក្សារាង ចេកណាំវ៉ាក៏ល្អសម្រាប់ស្បែកផងដែរ ដោយសារមានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ ដែលជួយការពារកោសិកាពីការខូចខាត កាត់បន្ថយភាពចាស់មុនវ័យ និងជួយឱ្យស្បែកមើលទៅភ្លឺថ្លា។
ចេកណាំវ៉ា ជាអាហារជិតខ្លួនដែលមានតម្លៃចំពោះសុខភាព ប្រសិនបើទទួលទានក្នុងបរិមាណសមរម្យ។ ការញ៉ាំមួយផ្លែក្នុងមួយថ្ងៃជាប្រចាំ អាចជួយឱ្យប្រព័ន្ធរំលាយអាហារល្អ ស្បែកស្រស់ថ្លា និងជួយគ្រប់គ្រងទម្ងន់បាន៕