យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា ខ្លាញ់ជាសត្រូវរបស់សុខភាព ប៉ុន្តែរាងកាយពិតជាត្រូវការខ្លាញ់ល្អ ឬ HDL ដើម្បីជួយកម្ចាត់កូឡេស្តេរ៉ុលអាក្រក់ (LDL) និងថែរក្សាសរសៃឈាមឱ្យមានសុខភាពល្អ។ ការជ្រើសរើសអាហារដែលមានខ្លាញ់ល្អ អាចជួយគ្រប់គ្រងទម្ងន់ និងការពារជំងឺបេះដូងបាន។
ត្រីខ្លាញ់ដូចជា ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន និងត្រីម៉ាកឺរ៉ែល សម្បូរអូមេហ្គា-៣ ដែលជួយបន្ថយខ្លាញ់អាក្រក់ក្នុងរាងកាយ និងជួយឱ្យឆ្អែតបានយូរ។
តៅហ៊ូជាអាហារសម្បូរប្រូតេអ៊ីនពីសណ្តែកសៀង មានកូឡេស្តេរ៉ុលទាប និងជួយបង្កើនខ្លាញ់ល្អ សមស្របសម្រាប់អ្នកចង់ថែរក្សារាង។
ធញ្ញជាតិពេញលេញដូចជា អូត អង្ករសំរូប និងរុក្ខជាតិដែលមានជាតិសរសៃខ្ពស់ អាចជួយសម្រួលប្រព័ន្ធរំលាយអាហារ និងជួយគ្រប់គ្រងកម្រិតខ្លាញ់ក្នុងឈាម។
ផ្លែបឺរ មានខ្លាញ់មិនឆ្អែតល្អ ដែលជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ និងគាំទ្រសុខភាពបេះដូង ប៉ុន្តែគួរទទួលទានក្នុងបរិមាណសមរម្យ ដើម្បីកុំឱ្យទទួលកាឡូរីលើស។
ប្រេងអូលីវ ជាប្រភពខ្លាញ់ល្អដែលអាចជួយបង្កើន HDL និងរក្សាតុល្យភាពខ្លាញ់ក្នុងរាងកាយ។ ការប្រើប្រាស់ប្រេងដែលមានគុណភាពល្អក្នុងការចម្អិនអាហារ ក៏ជាផ្នែកសំខាន់នៃការថែរក្សាសុខភាពផងដែរ។
ការថែរក្សារាងស្អាត និងសុខភាពល្អ មិនមែនមានន័យថាត្រូវចៀសវាងខ្លាញ់ទាំងអស់នោះទេ ប៉ុន្តែគួរជ្រើសរើសខ្លាញ់ល្អពីអាហារធម្មជាតិ និងទទួលទានឱ្យមានតុល្យភាព ដើម្បីជួយការពារបេះដូង និងលើកកម្ពស់សុខភាពរយៈពេលវែង៕