យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាទំហំដើមទ្រូងជារឿងដែលធ្វើឱ្យស្ត្រីជាច្រើនបារម្ភ ប៉ុន្តែភាពស្រស់ស្អាតមិនមែនវាស់តាមទំហំតែមួយនោះទេ។ ការថែរក្សាសុខភាព ស្បែក និងរាងកាយឱ្យបានល្អ អាចជួយឱ្យដើមទ្រូងមើលទៅតឹងណែន មានទម្រង់ស្អាត និងបង្កើនទំនុកចិត្តបាន។
សម្រាប់អ្នកដែលមានដើមទ្រូងតូចតាមធម្មជាតិ ប៉ុន្តែនៅតែរឹងមាំ គួរយកចិត្តទុកដាក់លើរបបអាហារ ដោយបន្ថែមអាហារដែលមានប្រូតេអ៊ីន ដូចជា ស៊ុត ទឹកដោះគោ ត្រី សណ្តែក និងខ្លាញ់ល្អពីផ្លែបឺរ ឬប្រេងអូលីវ ព្រោះសាច់ដើមទ្រូងមានជាលិកាខ្លាញ់ជាផ្នែកមួយ។
ការជ្រើសរើសអាវទ្រនាប់ដែលមានទំហំសមរម្យក៏សំខាន់ដែរ។ អាវទ្រនាប់តឹងពេក ឬមិនសមនឹងរាង អាចធ្វើឱ្យមិនស្រួល និងប៉ះពាល់ដល់ទម្រង់ដើមទ្រូង។ ការម៉ាស្សាស្រាលៗជាប្រចាំ ក៏អាចជួយជំរុញចរន្តឈាម និងថែរក្សាស្បែកឱ្យមើលទៅរលោងជាងមុន។
សម្រាប់អ្នកដែលមានបញ្ហាដើមទ្រូងចាប់ផ្តើមយារធ្លាក់ ដោយសារអាយុកាន់តែច្រើន ការស្រកទម្ងន់លឿន ឬការផ្លាស់ប្តូររាងកាយ អាចជួយដោយការហាត់ប្រាណពង្រឹងសាច់ដុំទ្រូង ដូចជា Push-up ដែលដងខ្លួនជាប់ជញ្ជាំង ឬលំហាត់សាច់ដុំស្រាលៗ ដើម្បីឱ្យតំបន់ទ្រូងមើលទៅរឹងមាំ និងលេចធ្លោជាងមុន។
ការកែសម្រួលឥរិយាបថក៏មានប្រយោជន៍ដែរ។ ការឈរត្រង់ បើកស្មា និងកុំអង្គុយឱនខ្លួនជាញឹកញាប់ អាចធ្វើឱ្យរាងកាយមើលទៅស្អាត និងដើមទ្រូងមានទម្រង់ល្អជាងមុន។
អ្នកជំនាញបញ្ជាក់ថា វិធីធម្មជាតិអាចជួយឱ្យដើមទ្រូងមើលទៅតឹងណែន និងស្រស់ស្អាតជាងមុន ប៉ុន្តែមិនអាចបង្កើនទំហំបានភ្លាមៗដូចការវះកាត់ឡើយ។ ដូច្នេះ គួរថែរក្សាជាប្រចាំ រួមជាមួយការគេងគ្រប់គ្រាន់ និងទទួលទានអាហារដែលមានប្រយោជន៍។
សំខាន់ជាងនេះ ស្ត្រីគ្រប់រូបគួរតែពិនិត្យសុខភាពដើមទ្រូងដោយខ្លួនឯងជាប្រចាំ។ ប្រសិនបើមានដុំរឹង ឈឺខុសធម្មតា ឬមានការផ្លាស់ប្តូរស្បែក គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
ដើមទ្រូងស្អាតមិនមែនស្ថិតនៅលើទំហំធំតូចទេ ប៉ុន្តែស្ថិតនៅលើសុខភាពល្អ ការថែទាំខ្លួន និងទំនុកចិត្តរបស់ខ្លួនឯង៕