យោងតាមការចុះផ្សាយពីប្រភពបរទេស ទឹកដូងជាភេសជ្ជៈធម្មជាតិដែលសម្បូរជាតិរ៉ែ និងអេឡិចត្រូលីត ជួយបំពេញជាតិទឹក បន្ថយការស្រេក និងស្តារកម្លាំងក្រោយហាត់ប្រាណ។ ប៉ុន្តែការផឹកច្រើនពេកអាចបង្កផលប៉ះពាល់ដល់រាងកាយ។
អ្នកជំនាញព្រមានថា ការទទួលទានទឹកដូងលើសកម្រិតអាចបណ្តាលឱ្យ អតុល្យភាពជាតិរ៉ែ ហើមពោះ ស្ករក្នុងឈាមឡើងខ្ពស់ សម្ពាធឈាមធ្លាក់ និងបង្កើនបន្ទុកលើតម្រងនោម ដោយសារទឹកដូងមានប៉ូតាស្យូម និងសូដ្យូមខ្ពស់។
អ្នកជំនាញអាហារូបត្ថម្ភណែនាំថា គួរផឹកទឹកដូងប្រហែល ២-៣ផ្លែក្នុងមួយសប្តាហ៍ ឬប្រមាណ កន្លះលីត្រក្នុងមួយលើក។ ការផឹកច្រើនពេកអាចធ្វើឱ្យកម្រិតប៉ូតាស្យូមក្នុងឈាមប្រែប្រួល ប៉ះពាល់ដល់ចង្វាក់បេះដូង និងមុខងារតម្រងនោម។
អ្នកដែលមានជំងឺតម្រងនោម ជំងឺទឹកនោមផ្អែម សម្ពាធឈាមទាប ឬងាយមានបញ្ហារំលាយអាហារ គួរប្រុងប្រយ័ត្នជាពិសេស ព្រោះទឹកដូងអាចមិនសមស្របសម្រាប់ពួកគេ។
ទោះបីទឹកដូងមានប្រយោជន៍ក៏ដោយ អ្នកជំនាញណែនាំឱ្យផឹកក្នុងបរិមាណសមរម្យ មិនគួរប្រើជំនួសទឹកស្អាតប្រចាំថ្ងៃ និងគួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើមានបញ្ហាសុខភាពជាក់លាក់៕