យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញចិត្តវិទ្យាព្រមានថា កុមារជាច្រើនរងរបួសផ្លូវចិត្តមិនមែនដោយសារខ្វះការថែទាំផ្នែករាងកាយទេ ប៉ុន្តែដោយសាររបៀបអប់រំដែលប៉ះពាល់ដល់អារម្មណ៍ និងតម្លៃខ្លួនឯង។
អំពើហិង្សាផ្លូវចិត្តក្នុងគ្រួសារដែលជួបញឹកញាប់រួមមាន ការបដិសេធអារម្មណ៍កូន ការគ្រប់គ្រងខ្លាំងពេក ការបង្ខំឱ្យកូនមានអារម្មណ៍ជំពាក់គុណ ការប្រៀបធៀបជាមួយអ្នកដទៃ ការបន្ទាបតម្លៃ ការមិនស្តាប់អារម្មណ៍កូន ការយកលុយមកគំរាម ការទាញកូនចូលជម្លោះរបស់ឪពុកម្តាយ ការរំលោភឯកជនភាព និងការផ្តល់សេចក្តីស្រឡាញ់ដោយមានលក្ខខណ្ឌ។
ទម្លាប់ទាំងនេះអាចធ្វើឱ្យកុមារធំឡើងដោយខ្វះទំនុកចិត្ត មិនហ៊ានសម្រេចចិត្ត ងាយទទួលរងការគ្រប់គ្រងពីអ្នកដទៃ និងពិបាកបង្កើតទំនាក់ទំនងល្អនៅពេលអនាគត។
អ្នកជំនាញណែនាំថា ឪពុកម្តាយគួររិះគន់លើអំពើរបស់កូន មិនមែនបដិសេធតម្លៃរបស់កូន ស្តាប់អារម្មណ៍កូន គោរពព្រំដែនផ្ទាល់ខ្លួន និងផ្តល់ក្តីស្រឡាញ់ដោយមិនភ្ជាប់ជាមួយលទ្ធផល ឬការរំពឹងទុក។ កុមារដែលទទួលបានការគាំទ្រត្រឹមត្រូវ នឹងធំឡើងដោយមានភាពជឿជាក់ និងសមត្ថភាពប្រឈមជីវិតបានល្អប្រសើរ៕