យោងតាមការចុះផ្សាយពីប្រភពបរទេ ក្នុងអំឡុងអាកាសធាតុក្ដៅ រាងកាយបាត់បង់ជាតិទឹកច្រើនតាមរយៈញើស ដូច្នេះការផឹកទឹកគ្រប់គ្រាន់មានសារៈសំខាន់សម្រាប់ជួយឱ្យតម្រងនោមចម្រោះកាកសំណល់ និងបញ្ចេញតាមទឹកនោមបានល្អ។ អ្នកជំនាញណែនាំភេសជ្ជៈធម្មជាតិមួយចំនួនដែលអាចជួយគាំទ្រសុខភាពតម្រងនោម។
ទឹកក្រូចឆ្មារ មានអាស៊ីតស៊ីទ្រីក ដែលអាចជួយការពារការកកើតគ្រីស្តាល់រ៉ែ និងកាត់បន្ថយហានិភ័យក្រួសក្នុងតម្រងនោម។
ទឹកដូង សម្បូរអេឡិចត្រូលីតដូចជា ប៉ូតាស្យូម សូដ្យូម និងម៉ាញ៉េស្យូម ជួយបំពេញជាតិទឹក ប៉ុន្តែអ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃគួរពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនផឹកជាប្រចាំ។
ទឹកឪឡឹក មានជាតិទឹកជាង ៩០ភាគរយ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការរលាក និងការពារកោសិការាងកាយ។
តែបៃតង សម្បូរប៉ូលីហ្វេណុល ជាពិសេស EGCG ដែលជួយប្រឆាំងការរលាក និងភាពតានតឹងអុកស៊ីតកម្ម ដែលពាក់ព័ន្ធនឹងការខូចខាតតម្រងនោម។
អ្នកជំនាញបញ្ជាក់ថា ទោះភេសជ្ជៈទាំងនេះមានអត្ថប្រយោជន៍ក៏ដោយ ទឹកស្អាតនៅតែជាជម្រើសល្អបំផុតសម្រាប់សុខភាពតម្រងនោម។ គួរផឹកក្នុងបរិមាណសមស្រប ជៀសវាងភេសជ្ជៈផ្អែមច្រើន និងរក្សាសម្ពាធឈាម ស្ករក្នុងឈាម និងទម្ងន់ឱ្យមានតុល្យភាព៕