ការហើមជើង ឬប្រអប់ជើង (Edema) គឺជាបញ្ហាសុខភាពទូទៅមួយដែលមនុស្សជាច្រើនតែងតែជួបប្រទះ ។ មនុស្សភាគច្រើនគិតថាវាបណ្តាលមកពី «ការឈរ ឬអង្គុយយូរពេក» ឬ «ការដើរច្រើន» ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអាការៈហើមជើងកើតឡើងជាញឹកញាប់ ឬហើមមិនព្រមស្រកវិញទេនោះ វាអាចជា «ការប្រកាសអាសន្ន» ពីសរីរាង្គសំខាន់ៗទាំង ៣ នៅក្នុងរាងកាយរបស់អ្នក!
១. សញ្ញាព្រមានពី «ជំងឺបេះដូង»
នៅពេលបេះដូងចុះខ្សោយ វាបាត់បង់សមត្ថភាពក្នុងការបូមឈាមទៅចិញ្ចឹមរាងកាយ និងទាញយកឈាមត្រឡប់មកវិញបានល្អ។
យន្តការ៖ ការដែលបេះដូងបូមឈាមមិនទាន់ ធ្វើឱ្យឈាមកកស្ទះ និងបន្សល់ទុកសម្ពាធក្នុងសរសៃឈាមវ៉ែន នាំឱ្យជាតិទឹកជ្រាបចូលទៅក្នុងកោសិកាសាច់ដុំផ្នែកខាងក្រោម (ជើង និងប្រអប់ជើង)។
សញ្ញារួមផ្សំ៖ ហើមជើងទាំងសងខាង, ហត់ ឬដកដង្ហើមមិនដល់ឃ្លាន (ពិសេសពេលគេងរាប), អស់កម្លាំងលឿន និងចេះតែញ័រទ្រូង។
២. សញ្ញាព្រមានពី «ជំងឺថ្លើម»
ថ្លើមគឺជាកន្លែងផលិតប្រូតេអ៊ីនសំខាន់មួយឈ្មោះថា អាល់ប៊ុយមីន (Albumin) ដែលមានតួនាទីថែរក្សាជាតិទឹកឱ្យស្ថិតនៅក្នុងសរសៃឈាម។
យន្តការ៖ នៅពេលថ្លើមមានបញ្ហាធ្ងន់ធ្ងរ (ដូចជាក្រិនថ្លើម) ការផលិតប្រូតេអ៊ីន Albumin នឹងថយចុះយ៉ាងខ្លាំង ធ្វើឱ្យជាតិទឹករសាត់ចេញពីសរសៃឈាម ទៅកកស្ទះនៅផ្នែកខាងក្រោមនៃរាងកាយ និងក្នុងពោះ។
សញ្ញារួមផ្សំ៖ ហើមជើងអមដោយ ពោះប៉ោងធំ (ទាចទឹក), ភ្នែក ឬស្បែកឡើងលឿង (Jaundice), អស់កម្លាំង និងងាយជាំនៅលើស្បែក។
៣. សញ្ញាព្រមានពី «ជំងឺតម្រងនោម»
តម្រងនោមមានតួនាទីចម្រោះ និងបណ្តេញជាតិទឹកអតិរេក ព្រមទាំងជាតិសូដ្យូម (អំបិល) ចេញពីរាងកាយតាមរយៈទឹកនោម។
យន្តការ៖ នៅពេលតម្រងនោមខូចខាត វាមិនអាចបណ្តេញជាតិទឹក និងអំបិលបានល្អឡើយ ធ្វើឱ្យជាតិទឹកលើសទាំងនោះកើនឡើងក្នុងរាងកាយ បណ្តាលឱ្យហើមជើង ដៃ និងផ្ទៃមុខ។ លើសពីនេះ ការបាត់បង់ប្រូតេអ៊ីនតាមទឹកនោមក៏ជួយជំរុញឱ្យហើមរឹតតែខ្លាំង។
សញ្ញារួមផ្សំ៖ ហើមជើង និងហើមរង្វង់ភ្នែក (ពិសេសពេលព្រឹក), ទឹកនោមមានពពុះច្រើន, នោមញឹកនៅពេលយប់ និងមានសម្ពាធឈាមឡើងខ្ពស់។
តើពេលណាដែលអ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យបន្ទាន់?
សូមប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើការហើមជើងរបស់អ្នកមានអមដោយសញ្ញាអាសន្នដូចខាងក្រោម៖
-ឈឺទ្រូង ហប់ ឬថប់ដង្ហើមខ្លាំង
-ហើមជើងតែ ម្ខាង អមដោយការ ក្តៅក្រហម និងឈឺចាប់ខ្លាំង (អាចជាសញ្ញានៃការកកឈាមក្នុងសរសៃឈាម – DVT)
-ស្នាមហើមនោះសង្កត់ទៅ ខូងជ្រៅ ហើយមិនងាយពើកឡើងវិញ
-វិលមុខ ងងឹតមុខ ឬសន្លប់
ការហើមជើងមិនមែនជាជំងឺដោយខ្លួនឯងទេ ប៉ុន្តែវាជា «សញ្ញាប្រាប់ហេតុ» នៃរាងកាយ ។ ប្រសិនបើអ្នកសង្កេតឃើញជើងហើមមិនបាត់ក្នុងរយៈពេល ២-៣ ថ្ងៃ ការទៅជួបគ្រូពេទ្យដើម្បីពិនិត្យឈាម ពិនិត្យទឹកនោម ឬអេកូសាស្ត្រ គឺជាជម្រើសដ៏ល្អបំផុតដើម្បីស្វែងរកមូលហេតុ និងព្យាបាលបានទាន់ពេលវេលា!