តម្រងនោម គឺជាសរីរាង្គដ៏សំខាន់ប្រៀបដូចជា «រោងចក្រចោះនិងចម្រោះជាតិពុល» នៅក្នុងរាងកាយរបស់យើង។ ប៉ុន្តែអ្វីដែលគួរឱ្យភ័យខ្លាចនោះគឺ ជំងឺតម្រងនោមភាគច្រើនត្រូវបានគេប្រសិទ្ធនាមថាជា «ឃាតករស្ងៀមស្ងាត់» ព្រោះវាមិនសូវបង្ហាញរោគសញ្ញាធ្ងន់ធ្ងរភ្លាមៗនោះទេ រហូតដល់មុខងារតម្រងនោមត្រូវបាត់បង់អស់រហូតដល់ទៅ ៧០% – ៨០% បាត់ទៅហើយ។
មនុស្សភាគច្រើនតែងតែមើលរំលង និងគិតថាជាបញ្ហាសុខភាពធម្មតា។ ខាងក្រោមនេះជា សញ្ញាតូចតាចទាំង ៥ យ៉ាង ដែលដាស់តឿនថា តម្រងនោមរបស់អ្នកអាចកំពុងតែមានបញ្ហា៖
១. នោមមានពពុះច្រើន ឬប្រែប្រួលទម្លាប់បត់ជើងតូច
ការសង្កេត៖ ប្រសិនបើអ្នកសង្កេតឃើញទឹកនោមមាន ពពុះច្រើន ហើយមិនងាយបាត់ទៅវិញ វាជាសញ្ញាថាមានសារធាតុប្រូតេអ៊ីន (Albumin) ជ្រៀបចូលក្នុងទឹកនោម ដោយសារតម្រងនោមខូចសមត្ថភាពចម្រោះ។ លើសពីនេះ ការប្រែប្រួលដូចជា នោមញឹកនៅពេលយប់ ទឹកនោមមានពណ៌ក្រហម ឬល្អក់ ក៏ជាសញ្ញាព្រមានផងដែរ។
២. អស់កម្លាំងលឿន ល្វើយ និងវិលមុខ
ការសង្កេត៖ តម្រងនោមដែលមានសុខភាពល្អ តែងតែផលិតអរម៉ូនម្យ៉ាងឈ្មោះថា Erythropoietin (EPO) ដើម្បីជួយរាងកាយបង្កើតគ្រាប់ឈាមក្រហម។ នៅពេលតម្រងនោមចុះខ្សោយ ការផលិតអរម៉ូននេះក៏ថយចុះ ធ្វើឱ្យរាងកាយខ្វះគ្រាប់ឈាមក្រហម (ស្លេកស្លាំង) នាំឱ្យអ្នកមានអារម្មណ៍ថា អស់កម្លាំង ល្វើយ និងលែងមានកម្លាំងកំហែង។
៣. ហើមជើង ប្រអប់ជើង ឬហើមជុំវិញភ្នែក
ការសង្កេត៖ នៅពេលតម្រងនោមមិនអាចបណ្តេញជាតិទឹក និងជាតិសូដ្យូម (អំបិល) ដែលលើសចេញពីរាងកាយបានល្អ វា នឹងបង្កឱ្យមានការកើនឡើងនៃជាតិទឹក ធ្វើឱ្យកើតមានអាការៈហើមនៅត្រង់ប្រអប់ជើង ស្មាត់ជើង ឬមានអាការៈហើមជុំវិញរង្វង់ភ្នែកនៅពេលព្រឹកព្រលឹម។
៤. ស្បែកស្ងួត និងរមាស់ខ្លាំងខុសធម្មតា
ការសង្កេត៖ តម្រងនោមមានតួនាទីរក្សាតុល្យភាពរ៉ែ និងសារធាតុចិញ្ចឹមនៅក្នុងឈាម។ នៅពេលតម្រងនោមខូច ជាតិពុល និងរ៉ែ (ដូចជាផូស្វ័រ) នឹងកើនឡើងខ្ពស់ក្នុងឈាម ដែលបណ្តាលឱ្យស្បែកប្រែជាស្ងួត ក្រហាយ និងរមាស់ខ្លាំងជ្រៅៗក្នុងស្បែក ទោះបីជាប្រើគ្រែមលាបស្បែកក៏មិនបាត់ដែរ។
៥. ស្រេកទឹកញឹកញាប់ និងមានក្លិនមាត់ប្លែក (ឬដឹងរសជាតិលោហធាតុ)
ការសង្កេត៖ ការកើនឡើងនៃសារធាតុអ៊ុយរ៉េ (Urea) ក្នុងឈាម ដោយសារតម្រងនោមមិនអាចចម្រោះបាន អាចធ្វើឱ្យអ្នកមានអារម្មណ៍ថា មានរសជាតិដូចលោហធាតុ ឬល្វីងនៅក្នុងមាត់ មានក្លិនមាត់អាក្រក់ (ដូចក្លិនទឹកនោម) និងបាត់បង់បំណងប្រាថ្នាក្នុងការញ៉ាំអាហារ។