យោងតាមការចុះផ្សាយពីប្រភពបរទេស ក្នុងគ្រួសារជាច្រើន ម្តាយតែងតែត្រូវទទួលតួនាទីជាអ្នកដាក់វិន័យ ដូចជា ហាមកូនញ៉ាំផ្អែម បិទទូរទស្សន៍ ឱ្យគេង ឬបង្ខំឱ្យធ្វើការងារ ខណៈឪពុក ឬជីដូនជីតាមកលួងលោម និងបំបែកច្បាប់ដែលម្តាយបានដាក់។ អ្នកជំនាញផ្នែកចិត្តវិទ្យាព្រមានថា ការឱ្យម្តាយតែម្នាក់កាន់តួនាទី “អ្នកតឹងរ៉ឹង” ជាប្រចាំ អាចប៉ះពាល់ដល់អារម្មណ៍របស់ម្តាយ និងទំនាក់ទំនងរវាងម្តាយនិងកូន។
នៅពេលមនុស្សធំក្នុងគ្រួសារមានគោលការណ៍ខុសគ្នា កុមារអាចរៀនប្រើការយំ ការតវ៉ា ឬស្វែងរកអ្នកដែលងាយយល់ព្រម ដើម្បីគេចផុតពីច្បាប់។ រយៈពេលវែង អាចធ្វើឱ្យកុមារខ្វះវិន័យ ពិបាកគ្រប់គ្រងអារម្មណ៍ និងមានបញ្ហាក្នុងការសម្របខ្លួនជាមួយអ្នកដទៃ។
អ្នកជំនាញណែនាំឱ្យឪពុកម្តាយ និងសមាជិកគ្រួសារត្រូវឈរនៅ “ភាគីតែមួយ” ក្នុងការអប់រំកូន ដោយពិភាក្សាគ្នាជាមុន កំណត់ច្បាប់ច្បាស់លាស់ និងគាំទ្រគ្នាទៅវិញទៅមកនៅមុខកូន។ ការចិញ្ចឹមកូនដែលមានប្រសិទ្ធភាព មិនមែនជាការមានអ្នកល្អម្នាក់ និងអ្នកអាក្រក់ម្នាក់ទេ ប៉ុន្តែជាការដែលមនុស្សធំទាំងអស់រួមគ្នាបង្កើតបរិយាកាសមានសុវត្ថិភាព និងមានវិន័យសម្រាប់កុមារ៕