យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញអាហារូបត្ថម្ភបញ្ជាក់ថា ខ្ទឹមសមិនអាច «បន្សាបជាតិពុលថ្លើម» ឬជំនួសការព្យាបាលជំងឺថ្លើមបានឡើយ ព្រោះថ្លើមដែលមានសុខភាពល្អ មានសមត្ថភាពកម្ចាត់ជាតិពុលដោយខ្លួនឯងរួចហើយ។
ទោះជាយ៉ាងណា សារធាតុដែលមានក្នុងខ្ទឹមស អាចជួយប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាក និងជួយទប់ស្កាត់ការប្រមូលផ្តុំជាតិខ្លាញ់ក្នុងថ្លើម ជាពិសេសចំពោះអ្នកមានជំងឺខ្លាញ់រុំថ្លើម។
អ្នកជំនាញណែនាំថា គួរទទួលទានខ្ទឹមសក្នុងបរិមាណសមរម្យ ជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព មិនគួរប្រើប្រាស់ផលិតផលបំប៉ន ឬទទួលទានច្រើនហួសកម្រិតដោយសង្ឃឹមថា «សម្អាតថ្លើម» នោះទេ។
អ្នកដែលប្រើថ្នាំបន្ថយកំណកឈាម ឬមានជំងឺថ្លើម គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនប្រើផលិតផលបំប៉នខ្ទឹមស៕