យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញថ្លើមបញ្ជាក់ថា ថ្លើមអាចរងការខូចខាតរហូតដល់ ៦០-៧០% ទើបចាប់ផ្តើមបង្ហាញរោគសញ្ញាច្បាស់ៗ។ សញ្ញាព្រមានដែលងាយត្រូវមើលរំលងរួមមាន អស់កម្លាំងរ៉ាំរ៉ៃ រមាស់ស្បែកដោយមិនដឹងមូលហេតុ ឈឺចុកក្រោមឆ្អឹងជំនីខាងស្តាំ ហើមជើង ឬកជើង ទឹកនោមពណ៌ចាស់ លាមកស្លេក បាត់បង់ចំណង់អាហារ ងាយជាំឈាម និងភ្នែក ឬស្បែកឡើងលឿង។
អ្នកជំនាញណែនាំថា ការរកឃើញជំងឺថ្លើមនៅដំណាក់កាលដំបូង អាចជួយឱ្យថ្លើមមានឱកាសស្តារមុខងារឡើងវិញបាន។ ដូច្នេះ អ្នកដែលមានហានិភ័យដូចជា លើសទម្ងន់ ទឹកនោមផ្អែម ឬមានបញ្ហារំលាយអាហារ គួរពិនិត្យសុខភាពជាប្រចាំ និងមិនគួរប្រើផលិតផលអះអាងថា «បន្សាបជាតិពុលថ្លើម» ដោយខ្លួនឯងឡើយ៕