យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយរបស់អ្នកវិទ្យាសាស្ត្រអាម៉េរិក លើមនុស្សប្រមាណ ៣៥៥,០០០នាក់ និងតាមដានរយៈពេល ១៣ឆ្នាំ បានរកឃើញថា ការផឹកកាហ្វេក្នុងកម្រិតសមរម្យ មានទំនាក់ទំនងជាមួយការថយចុះហានិភ័យនៃជំងឺក្រិនថ្លើម មហារីកថ្លើម និងការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺថ្លើម។ អត្ថប្រយោជន៍នេះត្រូវបានសង្កេតឃើញទាំងកាហ្វេមានជាតិកាហ្វេអ៊ីន និងកាហ្វេគ្មានជាតិកាហ្វេអ៊ីន។
ទោះជាយ៉ាងណា អ្នកស្រាវជ្រាវបញ្ជាក់ថា នេះគ្រាន់តែជា ការសិក្សាបែបសង្កេតដែលបង្ហាញពីទំនាក់ទំនងប៉ុណ្ណោះ មិនទាន់អាចបញ្ជាក់ថា កាហ្វេអាចការពារជំងឺថ្លើមដោយផ្ទាល់បានទេ។
អ្នកជំនាញក៏មិនណែនាំឱ្យបង្កើនការផឹកកាហ្វេដើម្បីបង្ការជំងឺឡើយ ហើយសង្កត់ធ្ងន់ថា ការរក្សាទម្ងន់សមស្រប កាត់បន្ថយគ្រឿងស្រវឹង ហាត់ប្រាណ និងគ្រប់គ្រងជាតិស្ករ សម្ពាធឈាម និងកូឡេស្តេរ៉ុល នៅតែជាវិធីសំខាន់ក្នុងការថែរក្សាសុខភាពថ្លើម៕