យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញផ្នែកសុខភាពព្រមានថា ការបែកញើសច្រើនពេលយប់ជាប្រចាំ មិនមែនតែងតែបណ្តាលមកពីអាកាសធាតុក្តៅនោះទេ។ វាអាចពាក់ព័ន្ធនឹងការអស់រដូវ ការឆ្លងមេរោគធ្ងន់ធ្ងរ ជំងឺមហារីកមួយចំនួន (ជាពិសេសមហារីកកូនកណ្តុរ) បញ្ហាដកដង្ហើមពេលគេង ឬជំងឺទាក់ទងនឹងជាតិស្ករក្នុងឈាម និងក្រពេញទីរ៉ូអ៊ីត។
វេជ្ជបណ្ឌិតណែនាំថា ប្រសិនបើបែកញើសពេលយប់កើតឡើងញឹកញាប់ ធ្វើឱ្យភ្ញាក់ពីដំណេក ឬកើតរួមជាមួយរោគសញ្ញាដូចជា គ្រុនក្តៅ ស្រកទម្ងន់ អស់កម្លាំងរ៉ាំរ៉ៃ ហើមកូនកណ្តុរ ឬបេះដូងលោតញាប់ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់។
ទោះជាយ៉ាងណា រោគសញ្ញានេះ មិនមានន័យថាជាមហារីកជាក់លាក់ទេ ហើយអាចបណ្តាលមកពីមូលហេតុផ្សេងៗជាច្រើន ដូច្នេះការពិនិត្យវេជ្ជសាស្ត្រគឺជាវិធីល្អបំផុតក្នុងការស្វែងរកមូលហេតុពិត៕