យោងតាមការចុះផ្សាយពីប្រភពបរទេស អ្នកជំនាញព្រមានថា ការផ្លាស់ប្តូរមួយចំនួននៅលើដៃ អាចជាសញ្ញាបង្ហាញថា ថ្លើមកំពុងរងការខូចខាត ឬមានជំងឺថ្លើម ដែលត្រូវពិនិត្យសុខភាពឱ្យបានឆាប់។ សញ្ញាសំខាន់ៗរួមមាន៖ បាតដៃក្រហមខុសធម្មតា, សរសៃឈាមរាងផ្កាយលើដៃ, ក្រចកស្លេក ឬមានឆ្នូតជ្រៅ និង បាតដៃ ឬស្បែកឡើងលឿង។
វេជ្ជបណ្ឌិតបញ្ជាក់ថា សញ្ញាទាំងនេះអាចទាក់ទងនឹងជំងឺថ្លើមដូចជា រលាកថ្លើមរ៉ាំរ៉ៃ ក្រិនថ្លើម ឬបញ្ហាផ្លូវទឹកប្រមាត់។ ទោះជាយ៉ាងណា សញ្ញាទាំងនេះមិនមែនសុទ្ធតែបញ្ជាក់ថាមានជំងឺថ្លើមនោះទេ ព្រោះវាអាចបណ្តាលមកពីជំងឺផ្សេងទៀតផងដែរ។
ប្រសិនបើសញ្ញាទាំងនេះកើតឡើងជាប់រយៈពេលយូរ ឬអមដោយអាការៈដូចជា អស់កម្លាំង ឈឺពោះ ឬភ្នែកឡើងលឿង គួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិត ដើម្បីរកមូលហេតុពិត និងព្យាបាលទាន់ពេលវេលា៕