យើងរាល់គ្នាដឹងហើយថា ទឹកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រាងកាយ ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា «ការផឹកទឹកខុសវិធី» ឬការផឹកទឹកច្រើនជ្រុលក្នុងល្បឿនលឿនពេក អាចក្លាយជាអាវុធមុខពីរត្រឡប់មកសម្លាប់អ្នកវិញបាន ។
ក្នុងផ្នែកវេជ្ជសាស្ត្រ ស្ថានភាពនេះហៅថា «ការពុលទឹក (Water Intoxication)» ឬ Hyponatremia ។ នៅពេលអ្នកបុកញ៉ាំទឹកច្រើនពេកក្នុងពេលតែមួយ វានឹងទៅពង្រាវជាតិសូដ្យូម (អំបិល) នៅក្នុងឈាមឱ្យធ្លាក់ចុះទាបខុសប្រក្រតី ។ នៅពេលជាតិសូដ្យូមធ្លាក់ចុះ ទឹកនឹងជ្រាបចូលទៅក្នុងកោសិការាងកាយ បណ្តាលឱ្យកោសិកាហើម ជាពិសេស គឺ «កោសិកាខួរក្បាល» ដែលអាចធ្វើឱ្យអ្នកមានអាការៈក្អួតចង្អោរ វង្វេងវង្វាន់ គាំងបេះដូង ករណីធ្ងន់ធ្ងរ គឺដាច់សរសៃឈាម និងស្លាប់ភ្លាមៗ ។
ដើម្បីចៀសវាងគ្រោះថ្នាក់នេះ នេះជាវិធីសាស្ត្រដកដង្ហើម និង «វិធីផឹកទឹកដ៏ត្រឹមត្រូវបំផុត» តាមបែបវេជ្ជសាស្ត្រ៖
១. ហាមផឹកម្ដងមួយកែវធំៗ ឬដាច់ដង្ហើមឡើយ
នៅពេលស្រេកទឹកខ្លាំង មនុស្សភាគច្រើនចូលចិត្តលើកដបទឹកមកបុកផឹកយកៗម្តងកន្លះលីត្រ ឬមួយលីត្រដាច់ដង្ហើម ។ នេះជាទម្លាប់គ្រោះថ្នាក់បំផុត! វិធីត្រឹមត្រូវគឺ «ផឹកក្រេបយឺតៗ ម្តងមួយក្អឹកៗ» ដើម្បីទុកពេលឱ្យរាងកាយ និងតម្រងនោមមានពេលស្រូបយក និងចម្រោះបានទាន់ពេលវេលា។
២. បែងចែកការផឹកទឹកពេញមួយថ្ងៃ (មិនមែនផឹកតែពេលស្រេក)
កុំរង់ចាំរហូតដល់បបូរមាត់ស្ងួត ឬស្រេកទឹកខ្លាំងទើបរកទឹកញ៉ាំ ព្រោះនោះជាសញ្ញាថា រាងកាយកំពុងខ្សោះទឹកហើយ។ អ្នកគួរតែដាក់ដបទឹកនៅជិតខ្លួន ហើយក្រេប ២ ទៅ ៣ ក្អឹក ជារៀងរាល់ ២០ ទៅ ៣០ នាទីម្តង ដើម្បីរក្សាតុល្យភាពទឹកនៅក្នុងខ្លួន។
៣. ស្វែងយល់ពីកម្រិតទឹកដែលរាងកាយត្រូវការ
ជាទូទៅ មនុស្សពេញវ័យគួរញ៉ាំទឹកឱ្យបានចន្លោះពី ២ទៅ ៣ លីត្រ ក្នុងមួយថ្ងៃ (ស្មើនឹងប្រហែល ៨ កែវ) ។ ទោះជាយ៉ាងណា បរិមាណនេះអាចប្រែប្រួលទៅតាមទម្ងន់ខ្លួន សកម្មភាពពលកម្ម (ហាត់ប្រាណ ឬធ្វើការធ្ងន់) និងអាកាសធាតុ។ ប៉ុន្តែចងចាំថា មិនត្រូវផឹកលើសពី ១ លីត្រ ក្នុងរយៈពេល ១ ម៉ោងឡើយ ព្រោះតម្រងនោមអាចចម្រោះទឹកបានត្រឹមតែ ០.៨ ទៅ ១ លីត្រប៉ុណ្ណោះក្នុងមួយម៉ោង។
៤. កុំផឹកទឹកត្រជាក់ខ្លាំង ក្រោយធ្វើសកម្មភាពក្តៅៗ
ក្រោយពេលហាត់ប្រាណ ធ្វើការហត់ ឬដើរកាត់កម្តៅថ្ងៃក្តៅខ្លាំង ហាមរត់ទៅបុកផឹកទឹកកក ឬទឹកត្រជាក់ខ្លាំងភ្លាមៗក្នុងបរិមាណច្រើន។ វាអាចធ្វើឱ្យសរសៃឈាមក្នុងក្រពះ និងបេះដូងកន្ត្រាក់ខុសប្រក្រតី នាំឱ្យចុកពោះ ឬតក់ស្លុតប្រព័ន្ធសរសៃប្រសាទ។ គួរផឹកទឹកក្នុងសីតុណ្ហភាពធម្មតា ឬក្តៅឧណ្ហៗយឺតៗសិន។
វិធីងាយៗដើម្បីដឹងថាខ្លួនឯងផឹកទឹកបានត្រឹមត្រូវ ឬគ្រប់គ្រាន់ គឺការសង្កេត «ពណ៌ទឹកនោម»។ បើទឹកនោមមានពណ៌លឿងស្រាល ឬថ្លា មានន័យថាសុខភាពល្អនិងគ្រប់គ្រាន់ហើយ។ តែបើថ្លាដូចទឹកសុទ្ធពេញមួយថ្ងៃ អាចមកពីអ្នកផឹកទឹកច្រើនជ្រុលហើយ ចូរប្រយ័ត្ន!