មនុស្សជាច្រើនកំពុងតែ «សម្លាប់» តម្រងនោមខ្លួនឯងបន្តិចម្តងៗរាល់ថ្ងៃ តាមរយៈសកម្មភាពដែលមើលទៅដូចជារឿងធម្មតា។ តម្រងនោមជាតម្រងឈាមដ៏សំខាន់ បើវាខូចហើយ ជីវិតរបស់អ្នកនឹងត្រូវផ្លាស់ប្តូរទាំងស្រុង។
សូមពិនិត្យមើល ៥ ទម្លាប់គ្រោះថ្នាក់ខាងក្រោមនេះ តើអ្នកកំពុងធ្វើវាជារៀងរាល់ថ្ងៃមែនទេ?
១. ទម្លាប់អត់ទ្រាំបត់ជើងតូច (ទប់នោម)
ការរវល់នឹងការងារ ឬទម្លាប់ខ្ជិលក្រោកទៅបន្ទប់ទឹក គឺជាមុខសញ្ញាទីមួយ។ ការទប់នោមយូរធ្វើឱ្យប្លោកនោមស្តុកទុកបាក់តេរី និងកាកសំណល់ រហូតបង្កជាការឆ្លងមេរោគក្នុងប្រព័ន្ធបង្ហូរនោម ហើយវាអាចរាលដាលធ្វើឱ្យរលាក និងខូចតម្រងនោមយ៉ាងធ្ងន់ធ្ងរ។
២. ញ៉ាំទឹកតិចពេកក្នុងមួយថ្ងៃ
តម្រងនោមត្រូវការទឹកដើម្បីលាងសម្អាត និងបណ្តេញជាតិពុលចេញពីរាងកាយ។ បើអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ ជាតិពុលនឹងកកកុញ ឈាមឡើងខាប់ ដែលជាហេតុធ្វើឱ្យតម្រងនោមត្រូវធ្វើការធ្ងន់ទ្វេដង និងងាយកើតមានជំងឺ «គ្រួសក្នុងតម្រងនោម» បំផុត។
៣. ញ៉ាំប្រៃខ្លាំង និងចូលចិត្តអាហារកែច្នៃ
របបអាហារដែលមានជាតិសូដ្យូម (អំបិល) ខ្ពស់ ដូចជា ញ៉ាំប្រៃជ្រុល អាហារផ្អាប់ ឬមីកញ្ចប់ ធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់។ នៅពេលសម្ពាធឈាមឡើងខ្ពស់ វានឹងទៅបំផ្លាញសរសៃឈាមតូចៗនៅក្នុងតម្រងនោម ធ្វើឱ្យសមត្ថភាពចម្រោះជាតិពុលធ្លាក់ចុះ។
៤. ទម្លាប់ទិញថ្នាំលេបខ្លួនឯង (ជាពិសេសថ្នាំបំបាត់ការឈឺចាប់)
ឱ្យតែឈឺក្បាល ជង្គង់ ឬស្រុតសរសៃ គឺរត់ទៅទិញថ្នាំលេបភ្លាម! ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ (ប្រភេទ NSAIDs) ហួសកម្រិត ឬញឹកញាប់ពេកដោយគ្មានវេជ្ជបញ្ជា គឺជាថ្នាំពុលដ៏សាហាវដែលបំផ្លាញកោសិការបស់តម្រងនោមដោយផ្ទាល់ និងលឿនបំផុត។
៥. ចូលចិត្តភេសជ្ជៈផ្អែមខ្លាំង និងគ្រឿងស្រវឹង
ការញ៉ាំភេសជ្ជៈមានជាតិស្ករខ្ពស់ ភេសជ្ជៈកំប៉ុង និងគ្រឿងស្រវឹងជាប្រចាំ មិនត្រឹមតែធ្វើឱ្យប្រឈមនឹងជំងឺទឹកនោមផ្អែម និងលើសឈាមនោះទេ ប៉ុន្តែវាក៏បង្កើតអាស៊ីតអ៊ុយរិកខ្ពស់ បង្កើនបន្ទុកយ៉ាងធ្ងន់ធ្ងរដល់តម្រងនោមក្នុងការបំភាយកាកសំណល់ទាំងនោះចោល។
តម្រងនោមគ្មានមាត់ស្រែកប្រាប់ថាវាឈឺនោះទេ លុះត្រាតែវាខូចខាតដល់ទៅ ៩០% ទើបវាចេញរោគសញ្ញា។ ស្រឡាញ់សុខភាព ត្រូវផ្លាស់ប្តូរទម្លាប់រស់នៅ ចាប់ផ្តើមពីការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយប្រៃចាប់ពីថ្ងៃនេះតទៅ!