យោងតាមការចុះផ្សាយពីប្រភពបរទេស ការដើរ និងជិះកង់ សុទ្ធតែជាលំហាត់ប្រាណល្អសម្រាប់សុខភាព ប៉ុន្តែបើគោលដៅគឺ សម្រកទម្ងន់ ការជិះកង់អាចមានប្រសិទ្ធភាពជាង។ តាមការចុះផ្សាយរបស់ Healthline មនុស្សមានទម្ងន់ប្រហែល 68 គីឡូក្រាម ជិះកង់ក្នុងល្បឿន 16-19 គីឡូម៉ែត្រក្នុងមួយម៉ោង រយៈពេល 30 នាទី អាចដុតបំផ្លាញបានប្រហែល 240 កាឡូរី ខណៈដើរល្បឿន 5.6 គីឡូម៉ែត្រក្នុងមួយម៉ោង ដុតបានប្រហែល 154 កាឡូរី ប៉ុណ្ណោះ។
មូលហេតុគឺការជិះកង់ប្រើសាច់ដុំច្រើនជាង និងត្រូវការថាមពលខ្ពស់ជាង។ ទោះជាយ៉ាងណា ការដើរនៅតែមានអត្ថប្រយោជន៍ដូចជា ជួយគ្រប់គ្រងសម្ពាធឈាម បង្កើនការរំលាយអាហារ កាត់បន្ថយស្ត្រេស និងពង្រឹងសុខភាពបេះដូង ខណៈការជិះកង់ក៏ល្អសម្រាប់សន្លាក់ និងប្រព័ន្ធសរសៃឈាមបេះដូងផងដែរ។
អ្នកជំនាញណែនាំថា ការរួមបញ្ចូលទាំង ការដើរ និងការជិះកង់ ជាមួយរបបអាហារដែលមានតុល្យភាព នឹងផ្តល់លទ្ធផលល្អបំផុតសម្រាប់ការសម្រកទម្ងន់ និងថែរក្សាសុខភាពរយៈពេលវែង៕