នៅក្នុងសង្គមសម័យថ្មី មនុស្សភាគច្រើនតែងតែចាត់ទុក «ស្ត្រេស» (Stress) ថាជាបញ្ហាផ្លូវចិត្តធម្មតាមួយ ដែលគ្រាន់តែធ្វើឱ្យមួរម៉ៅ ធុញថប់ ឬដេកមិនលក់មួយពេលៗប៉ុណ្ណោះ។ ប៉ុន្តែ តថភាពពិតផ្នែកវេជ្ជសាស្ត្របានបង្ហាញថា ស្ត្រេសរ៉ាំរ៉ៃគឺជា «ឃាតករលាក់មុខ» ដ៏កាចសាហាវបំផុត។ វាមិនត្រឹមតែយាយីអារម្មណ៍របស់អ្នកឡើយ តែវាបាននិងកំពុងបញ្ចេញជាតិពុល បំផ្លាញសរីរាង្គខាងក្នុងរបស់អ្នកឱ្យទ្រុឌទ្រោម និងអាចឈានទៅរកការបាត់បង់ជីវិតដោយមិនដឹងខ្លួន។
នៅពេលអ្នកស្រ្តេសខ្លាំង រាងកាយនឹងបញ្ចេញអរម៉ូន cortisol និង adrenaline មកពាសពេញរាងកាយ។ ប្រសិនបើស្ថានភាពនេះអូសបន្លាយ នេះជាសោកនាដកម្មដែលសរីរាង្គខាងក្នុងរបស់អ្នកត្រូវរងគ្រោះ៖
១. បេះដូង និងសរសៃឈាម៖ ហានិភ័យគាំងបេះដូងភ្លាមៗ
នៅពេលស្ត្រេសខ្លាំង បេះដូងរបស់អ្នកនឹងលោតញាប់ខុសធម្មតា ហើយសរសៃឈាមនឹងរួញតូច ដែលធ្វើឱ្យសម្ពាធឈាមហក់ឡើងខ្ពស់ភ្លាមៗ។ ការរស់នៅក្នុងសម្ពាធស្ត្រេសអូសបន្លាយ នឹងធ្វើឱ្យសរសៃឈាមអាកទែររឹង និងខូចខាត។ នេះជាមូលហេតុចម្បងដែលជម្រុញឱ្យមានការដាច់សរសៃឈាមខួរក្បាល (Stroke) ឬខ្វះឈាមទៅចិញ្ចឹមបេះដូង បង្កជាវិបត្តិ គាំងបេះដូងស្លាប់ភ្លាមៗ (Heart Attack) ទោះបីជាអ្នកនៅក្មេងក៏ដោយ។
២. ប្រព័ន្ធរំលាយអាហារ៖ ជំងឺក្រពះពោះវៀនរ៉ាំរ៉ៃ
ខួរក្បាល និងប្រព័ន្ធរំលាយអាហារមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ (Brain-Gut Connection)។ នៅពេលអ្នកស្ត្រេស ខួរក្បាលនឹងបញ្ជាឱ្យកាត់បន្ថយលំហូរឈាមទៅកាន់ក្រពះ ដែលធ្វើឱ្យជាតិអាស៊ីតក្រពះកើនឡើងខុសប្រក្រតី បំផ្លាញស្រទាប់ការពារក្រពះ បង្កជាជំងឺដំបៅក្រពះ ហើមពោះ ចុកឆ្អល់ និងកើតជំងឺច្រាលទឹកអាស៊ីត (GERD) ព្រមទាំងធ្វើឱ្យប្រព័ន្ធពោះវៀនមិនអាចស្រូបយកសារធាតុចិញ្ចឹមបានល្អឡើយ។
៣. ប្រព័ន្ធការពាររាងកាយ៖ ធ្លាក់ចុះរហូតដល់សូន្យ
អរម៉ូនស្ត្រេស Cortisol គឺជាភ្នាក់ងារបំផ្លាញកោសិកាឈាមស ដែលជាកងទ័ពការពាររាងកាយ។ កាលណាអ្នកស្ត្រេសរ៉ាំរ៉ៃ រាងកាយរបស់អ្នកនឹងបាត់បង់សមត្ថភាពប្រយុទ្ធប្រឆាំងនឹងមេរោគ។ អ្នកនឹងងាយឆ្លងជំងឺ ងាយផ្ដាសាយ មុខរបួសក្រជាសះស្បើយ ហើយអ្វីដែលគួរឱ្យខ្លាចបំផុតគឺ វាបង្កឱកាសឱ្យ កោសិកាមហារីក រីកដុះដាលនៅក្នុងខ្លួនយ៉ាងលឿនបំផុត។
៤. ខួរក្បាល៖ ស្រុតចុះការចងចាំ និងស្វិតកោសិកា
ស្ត្រេសកម្រិតខ្ពស់បំផ្លាញរចនាសម្ព័ន្ធខួរក្បាលចំផ្នែក Hippocampus ដែលជាមជ្ឈមណ្ឌលផ្ទុកការចងចាំ និងការរៀនសូត្រ។ វាមិនត្រឹមតែធ្វើឱ្យអ្នកភ្លេចភ្លាំងច្រើន និងបាត់បង់ការផ្ដោតអារម្មណ៍នោះទេ តែវាថែមទាំងធ្វើឱ្យកោសិកាខួរក្បាលស្វិតតូចទៅៗ ដែលជាផ្លូវកាត់ឈានទៅរកជំងឺបាក់ទឹកចិត្ត (Depression) ធ្ងន់ធ្ងរ និងជំងឺវង្វេងវង្វាន់ពេលចាស់ជរា។
វិន័យដោះលែងខ្លួនឯង៖ ឈប់បណ្តោយឱ្យស្ត្រេសដឹកមុខ
ជីវិតអាចមានសម្ពាធ តែអ្នកត្រូវតែមានវិន័យក្នុងការការពារផ្លូវចិត្តខ្លួនឯង ដោយអនុវត្តគន្លឹះងាយៗ៖
-ច្បាប់ ៥ នាទី៖ នៅពេលមានអារម្មណ៍ថាតានតឹងខ្លាំង ចូរឈប់ធ្វើការងារ ធ្មេចភ្នែក រួចដកដង្ហើមចូលឱ្យវែង និងដកដង្ហើមចេញឱ្យអស់យឺតៗ រយៈពេល ៥ នាទី ដើម្បីកាត់បន្ថយអរម៉ូនស្ត្រេសភ្លាមៗ។
-បង្កើតរបាំងការពារចិត្ត៖ ឈប់រើសរាល់បញ្ហារបស់ពិភពលោកមកដាក់លើទ្រូង។ ការងារអាចរកថ្មីបាន តែសរីរាង្គខាងក្នុងរបស់អ្នក បើខូចខាតហើយ មិនអាចទិញថ្មីមកដូរបានឡើយ។
-ប្រើប្រាស់ Morning Cardio ឬការដើរ៖ ការធ្វើចលនារាងកាយតិចៗ ឬការដើរពេលព្រឹក ជួយរំភាយសារធាតុ Endorphin (អរម៉ូនសេចក្តីសុខ) មកកម្ចាត់ជាតិពុលនៃស្ត្រេស។